ព័ត៌មានជាតិ

UNICEF បន្តជួយពង្រឹង ប្រព័ន្ធសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ លោក Will Parks ប្រធានមូលនិធិកុមារអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ( UNICEF) បានលើកឡើងថា UNICEF តែងតែបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ខាងសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ។
ការលើកឡើងរបស់លោកនេះ ក្នុងជំនួបជាមួយសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោក Will Parks បន្តថា ក្រោមកិច្ចសហប្រតិបត្តិការ ជិតស្និតជាមួយក្រសួងសុខាភិបាល មូលនិធិកុមារអង្គការ សហប្រជាជាតិប្រចាំកម្ពុជា បានពិភាក្សា និងរៀបចំផែនការរយៈពេល៥ ឆ្នាំ (Country Program) ដោយអនុលោម តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយផ្តោតជាសំខាន់ លើការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅ ទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកអបអរសាទរ ក្រសួងសុខាភិបាល ដែលបានទទួលការ សម្រេចពីមូលនិធិសកល តាមរយៈមូលនិធិ អាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជឲ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រ ពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញា ចិត្តរបស់ក្រសួងសុខាភិបាលជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ សម្រាប់រយៈពេលប្រាំឆ្នាំពីឆ្នាំ២០២៦-ឆ្នាំ២០៣០។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ដែលបានរៀបចំផែនការ៥ឆ្នាំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រ ផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងក្នុងការលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា សកលស្របតាមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕

To Top