ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អះអាងថា យោធាអាមេរិក វាយប្រហារទូកគ្រឿងញៀនវ៉េណេស៊ុយអេឡា  សម្លាប់មនុស្ស ៣នាក់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើកទី២ ក្នុងរយៈពេលពីរសប្តាហ៍ សំដៅ ទៅលើទូកគ្រឿងញៀនដែលត្រូវបានចោទប្រកាន់ពីប្រទេសវេណេស៊ុយអេឡា ដោយបានសម្លាប់បុរសបីនាក់ នៅលើទូកនោះ នៅក្នុងដែនទឹកអន្តរជាតិ។

លោក ត្រាំ បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “នៅព្រឹកនេះ តាមបញ្ជារបស់ខ្ញុំ កងកម្លាំងយោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ ជាលើកទីពីរ ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន និងក្រុមភេរវករដ៏ឃោរឃៅ ដែលត្រូវបានកំណត់អត្តសញ្ញាណជាវិជ្ជមាន នៅក្នុងតំបន់ SOUTHCOM នៃការទទួលខុសត្រូវរបស់ពួកគេ” ។

លោកបានលើកឡើងថា “ក្រុមជួញដូរគ្រឿងញៀនដ៏ឃោរឃៅបំផុតទាំងនេះ បង្កការគំរាមកំហែងដល់សន្តិសុខជាតិសហរដ្ឋអាមេរិក គោលនយោបាយការបរទេស និងផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក”។ ការបង្ហោះរបស់លោក ត្រាំ ក៏រួមបញ្ចូលផងដែរនូវវីដេអូមួយ ដែលត្រូវបានសម្គាល់ថា “មិនបានចាត់ថ្នាក់” ដែលបង្ហាញថា ទូកមួយគ្រឿងបានឆេះ នៅក្នុងដែនទឹក ដែលមិនស្គាល់ភូមិសាស្រ្ត ។

កាលពីថ្ងៃទី ២ ខែកញ្ញា លោក ត្រាំ បានបញ្ជាឱ្យធ្វើការវាយប្រហារយោធា របស់សហរដ្ឋអាមេរិកនៅក្នុងដែនទឹក អន្តរជាតិនៅលើកប៉ាល់ ដែលត្រូវបានគេចោទប្រកាន់ថា បានដឹកគ្រឿងញៀនពីប្រទេសវេណេស៊ុយអេឡាដោយបានសម្លាប់មនុស្ស ១១ នាក់នៅលើនោះ ដែលលោក ត្រាំ បានពណ៌នាថាជា “ក្រុមគ្រឿងញៀន Tren de Aragua (TDA)” ។

ក្រោយមកប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានបរិហារការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកថា “ខុសច្បាប់”។ លោកបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ពីបទប្រឌិតការជួញដូរគ្រឿងញៀន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការប៉ុនប៉ងផ្លាស់ប្តូររបបរបស់ខ្លួន ដោយទទូចថាប្រទេសវេណេស៊ុយអេឡាគ្មាន ការដាំដុះកូកា និងការផលិតកូកាអ៊ីននោះទេ។

ភាគីវេណេស៊ុយអេឡា មិនទាន់ធ្វើអត្ថាធិប្បាយ ជុំវិញការវាយប្រហារ លើកទីពីររបស់អាមេរិក នៅឡើយទេ។ លោក ម៉ាឌូរ៉ូ បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន កាលពីថ្ងៃចន្ទថា បណ្តាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា ត្រូវបានកាត់ផ្តាច់ដោយទីក្រុងវ៉ាស៊ីនតោន ៕

To Top