ប្រធានាធិបតីវ៉េណេស៊ុយអេឡា បញ្ជាក់ថា ការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ត្រូវបានកាត់ផ្តាច់

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានឲ្យដឹងថា បណ្តាញទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា ត្រូវបានកាត់ផ្តាច់ដោយទីក្រុងវ៉ាស៊ីនតោន ចំពេលមាន “ការឈ្លានពានជាបន្តបន្ទាប់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក ម៉ាឌូរ៉ូ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងការ៉ាកាស រដ្ឋធានី នៃប្រទេសវេណេស៊ុយអេឡាឲ្យដឹងថា “ថ្ងៃនេះខ្ញុំអាចប្រកាសថា ការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ត្រូវបានកាត់ផ្តាច់ដោយពួកគេ”។ ប្រធានាធិបតីរូបនេះ បានបន្ទោសការបែកបាក់នេះលើការគំរាមកំហែងពីក្រុងវ៉ាស៊ីនតោន ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសវេណេស៊ុយអេឡា បាន “គ្រប់គ្រងសន្តិភាព” ទោះបីជាមានការបង្កហេតុពីសហរដ្ឋអាមេរិកក៏ដោយ។ លោកបានបញ្ជាក់ថា សម្រាប់រយៈពេល ៥សប្តាហ៍កន្លងមកនេះ វេណេស៊ុយអេឡា បានប្រឈមមុខនឹងបញ្ហា ខណៈពេលដែលកំពុងធ្វើការដើម្បីរក្សាស្ថិរភាព។ លោកបានបន្ថែមថា វេណេស៊ុយអេឡា កំពុងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានផ្នែកនយោបាយ ការទូត និងយោធាដែលមានសក្តានុពល៕
ប្រែសម្រួល ឈូក បូរ៉ា
