ព័ត៌មានជាតិ

ជនជាប់ឃុំ ចំនួន ១១២៥នាក់ បន្តឃុំខ្លួននៅពន្ធនាគារ​ ខេត្តឧត្តរមានជ័យវិញ

ភ្នំពេញ ៖ ជនជាប់ឃុំ ដែលបានផ្ញើឃុំបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប ចំនួន ១១២៥នាក់ ទៅឃុំបន្ត នៅពន្ធនាគារ ខេត្តឧត្តរមានជ័យវិញ បន្ទាប់ពីនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ មានភាពធូរស្រាល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ឯកភាព និងមតិដឹកនាំពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របពេលសភាពការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពធូរស្រាល អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូន ជនជាប់ឃុំ ដែលបានផ្ញើឃុំបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប ចំនួន ១១២៥នាក់ (ស្ត្រី ៦៣នាក់) ទៅឃុំបន្តនៅពន្ធនាគារ ខេត្តឧត្តរមានជ័យវិញ ។

ប្រតិបត្តិការនេះចាប់ផ្តើមនៅវេលាម៉ោង ៣:៣០ ទៀបភ្លឺ និងចេញដំណើរនៅម៉ោង ៦ព្រឹក ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួម លោក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ បានមកដល់គោលដៅនៅវេលាម៉ោង ៩ព្រឹក ប្រកបដោយសុវត្ថិភាព ក្នុងនោះប្រើប្រាស់កម្លាំងមន្ត្រីពន្ធនាគារសរុប ចំនួន១៦៥នាក់ និងរថយន្តដឹកជញ្ជូន ចំនួន៣៧គ្រឿង ៕

To Top