ព័ត៌មានជាតិ

កម្ពុជា ប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ដើម្បីរំលឹកដល់ថ្ងៃបង្កើត ពិធីសារម៉ុងរ៉េអាល់

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា បានចូលរួមជាមួយពិភពលោកប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ដែលជាខួបលើកទី៤០ នៃ «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និង ត្រូវជាខួបលើកទី៣៨ នៃ «ពិធីសារម៉ុងរ៉េអាល់ស្តីពីសារ ធាតុបំផ្លាញស្រទាប់អូហ្សូន« ឆ្នាំ១៩៨៧។

ក្នុងពិធីអបអរសាទរ និងផ្សព្វផ្សាយទិវាអូហ្សូនពិភពលោក ១៦ កញ្ញា នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ខេត្តកំពត ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ក្រសួអ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពត វិស័យឯកជន អ្នកស្រាវជ្រាវ ដៃគូសហការ អ្នកពាក់ព័ន្ធផ្សេងទៀត សិស្ស និស្សិត លោកគ្រូ អ្នកគ្រូជាច្រើននាក់ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ផ្តើមពីវិទ្យាសាស្ត្រ ទៅជាសកម្មភាពសកល» (Montreal Protocol: From Science to Global Action)។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន បានចេញសារលិខិតផ្ញើជូនជនរួមជាតិ អំពីពិធីអបអរសាទរ«ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ឆ្នាំ២០២៥។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសសាន៍ក្នុងសារលិខិតថា កម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ។

សូមបញ្ជាក់ថា អនុសញ្ញាវីយ៉ែន និងពិធីសារម៉ុងរ៉េអាល់ គឺជាឧទាហរណ៍ យ៉ាងច្បាស់បង្ហាញអំពីសារៈសំខាន់ និងវិធីសាស្ត្រដែលវិទ្យាសាស្ត្រ អាចជួយឱ្យពិភពលោកសម្រេចបាននូវកិច្ចសហប្រតិបត្តិការជាសកល តាមរយៈការផ្តល់ទិន្នន័យព័ត៌មានច្បាស់លាស់ និងការអនុវត្តសកម្មភាពផ្អែកលើការពិតជាក់ស្តែង ។

ស្រទាប់អូហ្សូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារភពផែនដីពីកាំរស្មីប្រកបដោយគ្រោះថ្នាក់ពីព្រះអាទិត្យ ប៉ុន្តែកន្លងមក ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។

សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ព្រៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមាន សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ លើសពីនេះ សារធាតុទាំងនោះ ក៏មានសក្ដានុពលធ្វើឱ្យកើនកម្ដៅផែនដីខ្ពស់ផងដែរ៕

To Top