ព័ត៌មានជាតិ

ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation បន្តពង្រឹងលើគម្រោងលុបបំបាត់ ជំងឺភ្នែកឡើងបាយ និងគ្រុនឈាម

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា និងមូលនិធិ GX Foundation នឹង បន្តពង្រឹង និងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ លើគម្រោងលុបបំបាត់ ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម ។
ក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយលោក LEUNG Chun Ying អគ្គនាយកមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន អមដោយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃ១៥ កញ្ញា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះការចូលរួមចំណែកដ៏មានសារសំខាន់របស់មូលនិធិ GX Foundation ក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជា ជាពិសេសការរួមចំណែករបស់មូលនិធិ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តា ខេត្តគោលដៅមួយចំនួន ។

ជាការឆ្លើយតប អគ្គនាយកមូលនិធិ GX បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល។

ភាគីទាំងពីរ បានពិភាក្សាលើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ រវាងមូលនិធិ GX Foundation និងក្រសួងសុខាភិបាលកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងការទប់ស្កាត់ និងគ្រប់គ្រងហានិភ័យបណ្តាលមកពីការរាតត្បាត នៃជំងឺគ្រុនឈាម ដែលនេះនឹងរួមចំណែកដ៏សំខាន់ លើកកំពស់ប្រព័ន្ធសេវាសុខាភិបាលនៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺមិនមាននរណាម្នាក់ ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ ៕

To Top