ព័ត៌មានជាតិ

លោកស្រី ម៉ាលី សុជាតា ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីថៃជុំវិញបញ្ហាតាំងទីលំនៅរបស់ពលរដ្ឋខ្មែរនៅភូមិឯកភាព ឃុំថ្មដា

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃ១៦ កញ្ញានេះ បានឆ្លើយតaបទៅភាគីថៃដែលលើកឡើងពីជុំវិញ បញ្ហាតាំងទីលំនៅរបស់ពលរដ្ឋខ្មែរនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។

បើតាមលោកស្រី កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះរួមមានគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។

លោកស្រីថា ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ តាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។ ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀតដែល មិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។

លោកស្រីបន្តថា ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕

To Top