កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំនៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ចាន់ សុខាវង្ស អភិបាលរងស្រុកអូររាំងឪ ដឹកនាំ កម្លាំងចម្រុះបបើកប្រតិបត្តិការបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំនៅខេត្តត្បូងឃ្មុំ ដោយរឹបអូស និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំមៀន ស្រុកអូររាំងឪ។ដោយបានការសហការមានការ ពីកម្លាំងមកពីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ, អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ, គណៈកម្មការសហគមន៍នេសាទបឹងក្រពិត, កម្លាំងយោធាភូមិភាគ២ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ។

ជាលទ្ធផល ក្រុមការងារបានរកឃើញ និងរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់ជាច្រើន រួមមាន៖
-លូស្បៃមុង ចំនួន ៣២ មាត់
-របាំងស្បៃមុង ប្រវែង ៨០០ ម៉ែត្រ
-បង្គោលចម្រឹង ចំនួន ៤៨០ ដើម
ក្រៅពីនេះ កូនត្រីចម្រុះចំនួន ២៥ គីឡូក្រាម ដែលត្រូវបានជាប់ដោយឧបករណ៍ខុសច្បាប់ ក៏ត្រូវបានចាក់លែងចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងការពារ និងអភិរក្សធនធានជលផលធម្មជាតិរបស់កម្ពុជា ធានាបាននូវនិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន៕






ដោយ៖ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
