កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ភ្នំពេញ ៖ កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ខណៈដែលកម្ពុជាបានរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0 ។

នេះជាការថ្លែងឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក NGUYEN MINH VU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា។ ដែលធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាមលើវិស័យបរិស្ថាន និងសេដ្ឋកិច្ច ជាពិសេសលើកិច្ចការការពារធនធានធម្មជាតិ និងការគាំទ្រគម្រោងវិនិយោគ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

លោក រដ្ឋមន្ត្រីបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគម្រោងវិនិយោគនានា ដែលលើកកម្ពស់ដល់វិស័យបរិស្ថាននៃប្រទេសទាំង២។ ទន្ទឹមគ្នានេះ លោក រដ្ឋមន្រ្តី ក៏បានផ្តួចផ្តើមឱ្យមានការរួបរួមគ្នាជាសំឡេងតែ១ក្នុងចំណោមប្រទេសអាស៊ាន ដើម្បីកៀរគរហិរញ្ញប្បទានបៃតងយកមកប្រើប្រាស់ ប្រយុទ្ធប្រឆាំងនិងមីក្រូ និងណាណូប្លាស្ទិក ដែលបានបង្កផលប៉ះពាល់ដល់សុខភាពសត្វ និងមនុស្ស តាមរយៈចំណីអាហារ ឬទឹក ដោយការហូប លេប និងស្រូប ដែលពួកវាមាននៅលើដី ក្នុងទឹក និងខ្យល់។

ស្របនឹងការថ្លែងឡើងនេះ លោក NGUYEN MINH VU បានកោតសរសើចំពោះក្រសួងបរិស្ថាន និងមានជំនឿយ៉ាងមុតមាំ ថាក្រសួងបរិស្ថាននឹងទទួលបានជោគជ័យក្នុងការវិនិយោគបៃតង។ ជាមួយគ្នានេះ វៀតណាមនឹងរួមចំណែកជាមួយក្រសួងបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីដោះស្រាយបញ្ហារួមគ្នាជាពិសេសការការពារធនធានទឹកទន្លេមេគង្គ។ ចំពោះការវិនិយោគវិញ ឯកឧត្តមក៏បានលើកឡើងពីគម្រោងរបស់ក្រុមហ៊ុនដែលកំពុងស្វែងរកការអនុញ្ញាត ដើម្បីវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើគម្រោងកសិដ្ឋានចិញ្ចឹមគោ និងដាំស្មៅយក្សដើម្បីផលិតទឹកដោះគោ។


លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តសម្រាប់ការវិនិយោគលើការដាំស្មៅយក្ស (Giant King Grass) និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ ដោយក្រសួងនឹងផ្តល់ទីតាំងក្នុងការវិនិយោគក្នុងគោលបំណង ជួយឱ្យប្រជាសហគមន៍ ដែលមានមូលដ្ឋានក្បែរតំបន់នោះ ទទួលបានបច្ចេកទេសចិញ្ចឹមគោ ពូជគោយកទឹកដោះគោស្រស់ និងការដាំស្មៅ Giant King Grass ដែលអាចធ្វើជាចំណីសត្វគោ និងជាជីវអុស៕
