រដ្ឋមន្ត្រីក្រសួងអប់រំ និងទូតឥណ្ឌូណេស៊ី ជួបពិភាក្សាគ្នា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីពិភាក្សា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត និងនាពេលអនាគត ក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ។

លោក ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់នូវកិច្ចសហការគាំទ្រ ប្រកបដោយការយកចិត្តទុកដាក់ ពីសំណាក់ក្រសួងអប់រំ យុវជន និង កីឡានាពេលកន្លងមក និងបានបង្ហាញពីការប្តេជ្ញាចិត្ត បន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំជាច្រើនបន្ថែមទៀត នាពេលខាងមុខ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណស្ថាន ទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចូលរួមចំណែកគាំទ្រ ដល់រាល់ផែនការសកម្មភាព អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការប្តេជ្ញាចិត្តបន្តលើក កម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយបានរំលេចនូវសមិទ្ធផលនៃគម្រោងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំងពីឆ្នាំ១៩៩៤ មក តាមរយៈការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដល់និស្សិត-មន្ត្រីកម្ពុជា ទៅបន្តការសិក្សាថ្នាក់ក្រោយ ឧត្តមសិក្សា (Master) និងចូលរួមវគ្គសិក្សាខ្លីជាច្រើន, កិច្ចសហប្រតិបត្តិការ ផ្នែកយុវជន,ការចូលរួមព្រឹត្តិការណ៍កីឡា, កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងឥណ្ដូនេស៊ី ដែលមានគោលដៅដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត បុគ្គលិក សាស្ត្រាចារ្យលើការសិក្សា ការចុះកម្មសិក្សា ព្រមទាំងការចូលរួមក្នុងសកម្មភាពសហគមន៍ និងវប្បធម៌ផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំពោះការចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយគូសបញ្ជាក់នូវការឯកភាព លើសំណើររៀបចំឱ្យមាន សមាគមនិស្សិតកម្ពុជាបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការសម្របសម្រួល ជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីឱកាសអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌូនេស៊ីទៅកាន់សហគមន៍សិស្សនិស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងបន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែសម្បូរបែបបន្ថែមទៀត តាមរយៈការបង្កើនកម្មវិធីផ្លាស់ប្តូរ វប្បធម៌គ្នាទៅវិញទៅមក និងការលើកកម្ពស់ទំនាក់ទំនង លើវិស័យកីឡានៃប្រទេសទាំងពីរ៕
