ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រំលឹកពលរដ្ឋប្រុងប្រយ័ត្ន មុនចេញពីផ្ទះ ខណៈបិណ្ឌទី១ ដល់ ៧ មានអគ្គិភ័យ ១២ករណី

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់កាន់បិណ្ឌ៧ ពោលគឺពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងចំនួន១២ករណី ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

លោក ទូច សុឃៈ បានលម្អិតថាគ្រោះភ័យនេះ បានបណ្ដាលឱ្យឆាបឆេះផ្ទះ៩ខ្នង អគារស្នាក់នៅរបស់កម្មករ៤ខ្នង តូបលក់កាហ្វេ១ និងក្បាលរថភ្លើង១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បើតាម អ្នកនាំពាក្យ ទីតាំងកើតមានអគ្គិភ័យ រួមមាននៅរាជធានីភ្នំពេញ កំពត កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ និងខេត្តប៉ៃលិន។ លោក សម្ដែងការសោកស្ដាយជាមួយពលរដ្ឋរងគ្រោះ និងបានលើកទឹកចិត្តខ្ពស់ ចំពោះការខិតខំអន្តរាគមន៍សង្គ្រោះរបស់សមត្ថកិច្ច។

ទោះបីជាស្ថិតក្នុងរដូវវស្សា ករណីគ្រោះអគ្គីភ័យ បានបន្តកើតឡើងស្ទើររាល់ថ្ងៃ។ កត្តានេះ ភាគច្រើនបណ្ដាលមក ពីការធ្វេសប្រហែស ដូចជា ភ្លើងទៀន ធូប និងភ្លើងចង្ក្រាន ខណៈករណីខ្លះបណ្ដាល មកពីបញ្ហាបច្ចេកទេស ដូចជាឆ្លងចរន្តអគ្គិសនីជាដើម។

អ្នកនាំពាក្យរងក្រសួង មហាផ្ទៃ លោក ទូច សុឃៈ បានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នជានិច្ច ជាពិសេសក្នុងរដូវ កាលបុណ្យទានដូចកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ ជាអាទិ៍ភ្លើងទៀនធូប ភ្លើងចង្ក្រាន គឺត្រូវតែពន្លត់ មុនពេលចាកចេញពីផ្ទះសម្បែង។

សូមបញ្ជាក់ថា រយៈពេល ១៥ថ្ងៃ នៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤ នៅកម្ពុជាមានគ្រោះ អគ្គិភ័យកើតឡើង ចំនួន១៣លើក បណ្ដាលឱ្យឆេះផ្ទះ៨ខ្នង បន្ទប់១បន្ទប់ កុដិលោក១ខ្នង ឃ្លាំង១ខ្នង រោងចក្រ១ខ្នង និងរថយន្ដ១គ្រឿង៕

To Top