សមត្ថកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាវាយគ្នា លើផ្លូវជាតិលេខ៧

ខេត្តត្បូងឃ្មុំ៖ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា ដែលកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៧ ក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក។

ករណីនេះបានចាប់ផ្ដើម ល្បីរន្ទឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ “បង ចែ” បានបង្ហោះវីដេអូឃ្លីបរយៈពេល ១១វិនាទី បង្ហាញពីសកម្មភាពយុវជនប្រមាណ ១០នាក់ វាយប្រហារគ្នាទៅវិញទៅមកដោយប្រើមួកសុវត្ថិភាព។ ភ្លាមៗនោះ ឪពុករបស់ជនរងគ្រោះឈ្មោះ ប្រេស ឡឹម អាយុ ៤៥ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ បានដាក់ពាក្យបណ្ដឹងថា កូនប្រុសរបស់គាត់ឈ្មោះ ដេត ម៉េងលាង អាយុ ១៦ឆ្នាំ ត្រូវបានក្រុមយុវជនទាំងនោះវាយបណ្ដាលឲ្យរងរបួសក្បាល និងកញ្ចឹងក។

ក្រោយទទួលបានបណ្ដឹង និងព័ត៌មានពីបណ្ដាញសង្គម កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ រួមមាន៖

-ឈ្មោះ នាត ណារ៉េត ភេទប្រុស ឆ្នាំកំណើត ២០០៨
-ឈ្មោះ រ៉េន រ៉ូ ភេទប្រុស ឆ្នាំកំណើត ២០០៩
-ឈ្មោះ ម៉ុន សុភី ភេទប្រុស ឆ្នាំកំណើត ២០០៨
ជនសង្ស័យទាំងបីនាក់នេះ រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ឆ្នាំ២០២៥ ផងដែរ។
ក្រោយការសាកសួរ ជនសង្ស័យទាំងបីនាក់បានសារភាពថា ពួកគេពិតជាបានចូលរួម ក្នុងអំពើហិង្សានោះមែន។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/


