ព័ត៌មានជាតិ

កម្មករក្នុងវិស័យ កាត់ដេររីករាយ អបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ដែលបានជួយ ឱ្យប្រាក់ឈ្នួលពួកគាត់ឡើង ជារៀងរាល់ឆ្នាំ

ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងអារម្មណ៍រីករាយ អបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ដែលជួយឱ្យប្រាក់ឈ្នួលគោលរបស់ខ្លួន ទទួលបានការដំឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០២៦ខាងមុខនេះ ពួកគាត់នឹងទទួលបានការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារបន្ថែមទៀត។

ការបង្ហាញអារម្មណ៍រីករាយ និងសាទរបែបនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ច ប្រជុំលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី ១៧ ខែកញ្ញានេះ ដើម្បីពិនិត្យសម្រេចលើលទ្ធផល នៃកិច្ចប្រជុំពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៦។

ជាលទ្ធផលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២០៨ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ។

អ្នកស្រី នៅ រ៉ានី កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រី បានធ្វើការងារនៅរោងចក្រកាត់ដេរ តាំងពីមានប្រាក់ឈ្នួលគោលត្រឹម ៨០ដុល្លារ មកដល់ឆ្នាំ ២០២៥នេះ អ្នកស្រីទទួលបាន ២០៨ដុល្លារ។ អ្នកស្រី រីករាយដែលប្រាក់ឈ្នួលរបស់អ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-និយោជិតផ្សេងទៀត មានការដំឡើងជារៀងរាល់ឆ្នាំ។

អ្នកស្រី នៅ រ៉ានី ប្រាប់បែបនេះថា «មានការសប្បាយចិត្ត ព្រោះអីទោះឡើងតិចក៏ដោយ ក៏បានលុយថែមម៉ោងក៏យើងកើនតាមហ្នឹង ចឹងបើយើងថែមឡើងបន្តិចទៅ លុយម៉ោងយើងក៏គុណទៅតាមហ្នឹងទៅ ចឹងក៏បានច្រើនទៅតាមហ្នឹង»។

កម្មការិនីរូបនេះ បានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ដែលបានជួយសម្របសម្រួល ឱ្យបងប្អូនកម្មករ-និយោជិតមានការងារធ្វើ ហើយក៏បានអរគុណដែលតែងតែជួយសម្របសម្រួល ឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ។

ចំណែកលោក ហ៊ិន យ៉ាន់ កម្មករមកពីខេត្តតាកែវ ប្រាប់ថា លោកចូលធ្វើការងារជាកម្មកររោងចក្រកាត់ដេររយៈពេល ៥ឆ្នាំមកហើយ តាំងពីប្រាក់ឈ្នួលមិនទាន់បាន ២០០ដុល្លារមកម្លេះ។ មកដល់ឆ្នាំ ២០២៥នេះ លោកទទួលបានប្រាក់ឈ្នួលចំនួន ២០៨ដុល្លារ។ លោក រីករាយដែលប្រាក់ឈ្នួលរបស់លោក ក៏ដូចជាបងប្អូនកម្មករ-និយោជិតផ្សេងទៀត ទទួលបានការដំឡើងជារៀងរាល់ឆ្នាំ។

លោក ហ៊ិន យ៉ាន់ និយាយបែបនេះថា «មានអារម្មណ៍ថា សប្បាយចិត្ត ដោយសារថា ថ្នាក់ដឹកនាំយើងគាត់គិត ដល់កម្មករ-កម្មការិនីរោងចក្រយើង» ។ មិនខុសពីកម្មការិនីខាងលើទេ លោក ហ៊ិន យ៉ាន់ ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយសម្របសម្រួល ឱ្យមានការដំឡើងប្រាក់ឈ្នួលជូនកម្មករជារៀងរាល់ឆ្នាំ។

រីឯលោក ស៊ឹម ចិន្តា កម្មករមកពីខេត្តព្រៃវែង ប្រាប់ដែរថា លោកធ្វើការងារក្នុងរោងចក្រកាត់ដេររយៈពេល ៣ឆ្នាំមកហើយ តាំងពីប្រាក់ឈ្នួលជាង ១៩០ដុល្លារ មកដល់បច្ចុប្បន្នឡើងដល់ ២០៨ដុល្លារ។ លោក សាទរ និងរីករាយដែលប្រាក់ឈ្នួលរបស់លោក និងបងប្អូនកម្មករ-និយោជិតផ្សេងទៀត ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។

លោក ស៊ឹម ចិន្តា និយាយបែបនេះថា «មានអារម្មណ៍ថា សប្បាយ សប្បាយដោយសារបានឡើងប្រាក់ខែរាល់ឆ្នាំ។ មិនខុសពីកម្មករ-កម្មការិនីខាងនោះទេ លោក ស៊ឹម ចិន្តា បានថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-និយោជិតទាំងអស់គ្នា៕

To Top