ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នឹងចាប់ផ្តើមហោះហើរត្រង់ ពីទីក្រុង Istanbul នៃប្រទេសតួកគី មកភ្នំពេញពីថ្ងៃទី១២ធ្នូ តទៅ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិដ៏ធំមួយទៀត ដែលហោះហើរទៅកាន់គោលដៅជាង៣៥០កន្លែង ជុំវិញពិភពលោក Turkish Airlines នឹងចាប់ផ្តើមហោះហើរត្រង់ និងផ្ទាល់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥តទៅ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាឱ្យលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយ៉េ ដឹកនាំប្រតិភូពីក្រុមហ៊ុន អាកាសចរណ៍តួកគីយ៉េ Turkish Airlines ដែលមានលោក UMIT Develi ជាអនុប្រធាន និងជាតំណាង ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ជូនផ្ទាល់ ពីការហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូង រវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងជាការអនុវត្តកិច្ច សហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយផ្លែផ្កា លើការតភា្ជប់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចសហការគាំទ្រដ៏ល្អ និងឥតឈប់ឈរ របស់ស្ថានទូតមិត្តតួកគីយ៉េ និងក្រុមហ៊ុន Turkish Airlines ដែលបានមើលឃើញ ពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា ដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំង ក្រោមម្លប់សុខសន្តិភាព និងការជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស គឺវត្តមាន អាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប និងទាន់សម័យ ដែលជាសមិទ្ធិផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហើរ ត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋាន អន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរដល់គោលដៅ ជាង៣៥០កន្លែង ដល់ប្រទេសចំនួន១៣០ប្រទេស ជុំវិញពិភពលោកមួយនេះ៕
ដោយ៖ ដារាត់| ដើមអម្ពិល



