សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ករណីហិង្សា នៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក។
ករណីហិង្សានេះ បានបង្កឡើងដោយមនុស្សមួយក្រុមប្រមាណ ១០ នាក់ ដែលបានប្រើមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះឈ្មោះ ដ មល អាយុ ១៦ ឆ្នាំ បណ្តាលឱ្យរងរបួសក្បាល និងកញ្ចឹងក។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ៣ នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានចូលរួម ក្នុងអំពើហិង្សានេះមែន។ ដោយឡែក សម្រាប់បក្ខពួកផ្សេងទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ និងតាមចាប់ខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
