ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាចិត្តដោយឥតងាករេ បន្តកិច្ចសហការយ៉ាងរឹងមាំ ជាមួយបណ្តាដៃគូអាស៊ាន និងចិន

ភ្នំពេញ ៖ កម្ពុជា ប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយបណ្តាដៃគូអាស៊ាននិងប្រទេសចិន ដើម្បីធានាការអនុវត្ត CAFTA 3.0 ប្រកបដោយប្រសិទ្ធភាព។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថា សម្ពោធបើកពិព័រណ៍ ចិន-អាស៊ាន លើកទី២២ ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) គឺជាការបើកទំព័រថ្មីក្នុងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ខណៈពេលដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោកប្រឈមមុខនឹងការបែកខ្ញែក និងការកើនឡើងនូវនិន្នាការ គាំពារនិយមកាន់តែខ្លាំង។

លោក ឧបនាយករដ្ឋមន្ដ្រី ប្រចាំការ បន្ដថា ក្របខ័ណ្ឌដែលបានដំឡើងកម្រិតនេះ ផ្តល់នូវកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរកិច្ច និងប្រជាជនទាំងអស់ តាមរយៈការពង្រីកទីផ្សារ និងការបង្កើតលំហថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល ជាពិសេសលើកកម្ពស់ការផ្តល់តម្លៃបន្ថែម លើសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្របសម្រួលផ្នែកពាណិជ្ជកម្ម។ លើសពីនេះទៀត ក្របខ័ណ្ឌនេះក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគោលដៅរួមគ្នា របស់យើង ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយបើកចំហ យុត្តិធម៌ និងផ្អែកលើច្បាប់។

លោក ឧបនាយករដ្ឋមន្ដ្រី ប្រចាំការ បានថ្លែងថា «ក្នុងន័យនេះ កម្ពុជា ប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការបន្តកិច្ចសហការយ៉ាងរឹងមាំ ជាមួយបណ្តាដៃគូ អាស៊ាន និងប្រទេសចិន ដើម្បីធានាការអនុវត្ត CAFTA 3.0 ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាដើម្បីទាញយកសក្តានុពលពេញលេញនៃ CAFTA 3.0 សម្រាប់ជាប្រយោជន៍ដល់តំបន់របស់យើង» ។

លើសពីនេះ ឧបនាយករដ្ឋមន្ត្រី ប្រចាំការ បានគូសរំលេចថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើ «បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពគន្លឹះថ្មីមួយ និងបានដាក់ចេញនូវ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយស្នូលដ៏សំខាន់៕

To Top