អភិបាលខេត្តកំពត លើកទឹកចិត្តពលករ ទើបត្រឡប់មកពីថៃ យកជំនាញមកធ្វើការក្នុងស្រុកវិញ

កំពត ៖ ថ្លែងក្នុងវេទិកាការងារ ក្នុងស្រុកបន្ទាយមាស នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្តពលករ ដែលត្រឡប់ពីប្រទេសថៃ យកជំនាញមកធ្វើការក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោក អភិបាលខេត្ត បន្ដថា កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បន្តរហូតមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ពិសេសរោងចក្រសហគ្រាស ជាច្រើនបានបង្កើតឡើង ជាបន្តបន្ទាប់តាមរយៈវិនិយោគគិន ទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាកត្តាធ្វើឱ្យតម្រូវការកម្លាំងពលកម្ម មានការកើនឡើងឥតឈប់ឈរ។

លោក អភិបាលខេត្ត បន្ថែមថា ទន្ទឹមនឹងនោះប្រជាពលរដ្ឋខ្មែរ ជាច្រើននៅទូទាំងប្រទេសទទួលបានការងារធ្វើ តាមរយៈការគិតគូរពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈជាសេនាធិកា ហើយកម្មករទាំងអស់ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល ទាំងប្រាក់បៀរវត្ស និងប្រាក់កម្រៃផ្សេងៗ ដែលត្រូវទទួលបានពីការបំពេញការងារ។

លោក អភិបាលខេត្ត បន្តទៀតថា បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ពលករដែលបានធ្វើការ នៅក្នុងប្រទេសនោះគឺ ត្រូវបានបញ្ជូនត្រឡប់មកស្រុកកំណើតវិញ។ ដោយមានការគិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច បានចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការវិលត្រឡប់ របស់ពលករទាំងអស់។

សូមបញ្ជាក់ថា ខេត្តកំពត មានរោងចក្រសហគ្រាសសរុបចំនួន ៨៥៨ ដែលមានកម្មករនិយោជិតចំនួន ២៥,០៣៩នាក់។ ជាមួយគ្នានេះដែរ ខេត្តកំពត មានបងប្អូនពលក រដែលវិលត្រទប់មកពីប្រទេសថៃវិញសរុបចំនួន ១,៥៥៩គ្រួសារ ស្មើនឹង ៦,២៣៦នាក់ ហើយសម្រាប់ឱកាសការងារក្នុងខេត្តកំពត បច្ចុប្បន្នមានតម្រូវការសរុបចំនួន ៣៨២កន្លែង៕


