ចិនផ្តល់ជំនួយ ២,៥លានដុល្លារ ដើម្បីគាំទ្រ ដល់គម្រោងចំនួន១១ នៅកម្ពុជា

ភ្នំពេញ ៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ មានទឹកប្រាក់ប្រមាណ ២,៥ លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងចំនួន១១ នៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ កម្ពុជា និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោងកម្ពុជាសរុបចំនួន១១ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។
គម្រោងទាំងនោះនឹងផ្តល់ផលប្រយោជន៍ជា ច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ ទេសចរណ៍ សុខាភិបាល កសិកម្ម ការអភិរក្សនិងការស្ដារឡើងវិញ នូវតំបន់វប្បធម៌ ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការលើក កម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងការលុប បំបាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងចំនួន ៩៥ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែក យ៉ាងសំខាន់ដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕
