ព័ត៌មានជាតិ

កូនត្នោត ២២០០០ដើម រួមជាមួយកូនឈើព្រៃមួយចំនួនទៀត បានដាំតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងតាមមូលដ្ឋាននានា

ត្បូងឃ្មុំ ៖ កូនត្នោតចំនួន២២០០០ ដើម រួមជាមួយកូនឈើព្រៃមួយចំនួនទៀត ត្រូវបានដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងតាមមូលដ្ឋាននានា នៅក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីដាំកូនត្នោត និងកូនឈើនៅក្នុងភូមិសាស្រ្តខាងលើនេះ នាថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ដើមត្នោតជារុក្ខាជាតិ តំណាងអត្តសញ្ញាណជាតិខ្មែរ និងផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណកាលមក ដល់បច្ចុប្បន្ននេះ សម្រាប់ការប្រើប្រាស់។

លោក រដ្ឋមន្រ្តី បន្ដថា សកម្មភាពដាំដើមត្នោតនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណនៃដួងប្រលឹងជាតិ ក៏ដូចជាបំផុសផ្នត់គំនិត ជំនាន់ក្រោយៗទៀតស្រឡាញ់និងចូលរួមដាំដុះបន្ថែមនិងទទួលបានប្រយោជណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ពីដើមត្នោត ដែលក្នុងនោះមានទាំងអាចទាញអាចកៀបយកទឹកត្នោតដោយម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ ដើម្បីផលិតជាស្ករត្នោតបានទៀតផង។

លោក រដ្ឋមន្រ្តី បានជំរុញឱ្យមានចូលរួមទាំងអស់គ្នា មានជំនឿជឿជាក់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។ «ការដាំដើមត្នោត និងដើមឈើឱ្យបានច្រើន ជំរុញឱ្យកម្ពុជាមានភាពស្រស់ស្អាត មានភាពបៃតង និងការរស់នៅដោយចីរភាព ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងការឆ្លើយតបនឹងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព»។

សូមបញ្ជាក់ថា ការដាំដើមត្នោតនេះ គឺជាលើកទី៤ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ បានចូលរួមដាំដើមត្នោតនិងដើមឈើព្រៃ ចំនួន២២០០០ ដើម នៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។

នៅឆ្នាំ២០២៤ កន្លងមកនេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលបាលខេត្តត្បូងឃ្មុំ យុវជនកម្ពុជា កងកម្លាំងប្រដាប់អាវុធ សប្បុរសជន អ្នកស្មគ្រចិត្ត និងប្រជាពលរដ្ឋ បានដាំកូនត្នោត បានចំនួន១៥០០០ ដើម និងដើមឈើជាច្រើនផ្សេងទៀត នៅតាមព្រំដែនកម្ពុជា វៀតណាម និងតាមមូលដ្ឋាននានា នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតងនៅកម្ពុជា៕

To Top