ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២ដុល្លារបន្ថែម សម្រាប់ឆ្នាំ ២០២៦ ក្នុងស្ថានភាពលំបាកដូចបច្ចុប្បន្នគឺជាការដំឡើងសមរម្យ និងអាចទទួលយកបាន។ ម្យ៉ាងទៀត ពួកគាត់សង្ឃឹមថា ការដំឡើង ២ដុល្លារនេះ នឹងអាចឱ្យអ្នកវិនិយោគមកបង្កើតរោងចក្រ សហគ្រាសបន្ថែមទៀត ដោយនឹងបង្កើតការងារកាន់តែច្រើន។
ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី ១៧ ខែកញ្ញានេះ ដើម្បីពិនិត្យសម្រេចលើលទ្ធផល នៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៦។
ជាលទ្ធផលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២០៨ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ។
អ្នកស្រី ជួន ស៊ីនួន កម្មការិនីមកពីខេត្តតាកែវ ប្រាប់ឱ្យដឹងថា បច្ចុប្បន្នអ្នកស្រី ទទួលប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ បូករួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត អាចទទួលបានចំណូលប្រមាណ ៣០០ដុល្លារ។ ចំពោះការដំឡើងប្រាក់ឈ្នួលគោល ២ដុល្លារ សម្រាប់ឆ្នាំ ២០២៦ អ្នកស្រីបញ្ជាក់ថា អាចទទួលយកបាន និងបង្ហាញការរីករាយជាមួយបងប្អូនកម្មករ-និយោជិត ដែលបានទទួលការដំឡើងប្រាក់ឈ្នួលទាំងអស់គ្នា។
អ្នកស្រី ជួន ស៊ីនួន ប្រាប់បន្តថា អ្នកស្រី ចង់ឱ្យមានការបង្កើតការងារឱ្យបានកាន់ច្រើនឡើង សម្រាប់ប្រជាពលរដ្ឋ និងអតីតពលករត្រឡប់មកពីប្រទេសថៃវិញ។ អ្នកស្រី និយាយបែបនេះថា «ចង់ឱ្យបង្កើតការងារច្រើន ចង់ឱ្យពួកគាត់នៅខាងស្រុកគេហ្នឹង មកខាងខ្មែរយើងច្រើន ព្រោះអីខ្មែរយើងក៏មានការងារធ្វើដែរ»។
ចំណែកអ្នកស្រី សួន ស្រីគា កម្មការិនីមកពីខេត្តតាកែវ បានឱ្យដឹងដែរថា ចំពោះការដំឡើងប្រាក់ឈ្នួលគោលបន្ថែម ២ដុល្លារ សម្រាប់ឆ្នាំ ២០២៦នោះ អ្នកស្រី គិតថា ជាការដំឡើងសមរម្យ និងអាចទទួលយកបាន ហើយក៏អាចជួយសម្រួលជីវភាពរបស់អ្នកស្រី និងបងប្អូនកម្មករ-និយោជិតទាំងអស់ បានមួយចំណែកដែរ។
អ្នកស្រី សួន ស្រីគា លើកឡើងដែរថា ប្រសិនបើការដំឡើងប្រាក់ឈ្នួលឆ្នាំ ២០២៦ ចំនួន ២ដុល្លារបន្ថែមនេះ អាចជួយបង្កើតការងារឱ្យបានកាន់តែច្រើននោះ អ្នកស្រីពិតជារីករាយខ្លាំងណាស់។ អ្នកស្រី បន្ថែមបែបនេះថា «ក្នុងនាមខ្ញុំជាខ្មែរ ខ្ញុំពិតជាសប្បាយ រំភើបអត់មានអីប្រៀបបាន ព្រោះអីថា ខ្មែរយើងកាន់តែសម្បូរការងារធ្វើ»។
សម្រាប់អ្នកស្រី សុក ស្រីពៅ កម្មការិនីមកពីខេត្តស្វាយរៀង បានដែរប្រាប់ថា អ្នកស្រី បានធ្វើការងារនៅក្នុងរោងចក្រកាត់ដេររយៈពេល ១១ឆ្នាំមកហើយ ដោយប្រាក់ឈ្នួលរបស់អ្នកស្រី និងបងប្អូនកម្មករ-និយោជិតដទៃទៀត ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នអ្នកស្រី ទទួលបានប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ បូករួមនិងអត្ថប្រយោជន៍ជាច្រើនទៀត។
ចំពោះការដំឡើងប្រាក់ឈ្នួល ២ដុល្លារបន្ថែម សម្រាប់ឆ្នាំ ២០២៦ខាងមុខ អ្នកស្រី សុក ស្រីពៅ បាននិយាយថា ជាការដំឡើងសមរម្យ ហើយអាចទទួលយកបាន។ កម្មការិនីរូបនេះ ប្រាប់បែបនេះថា «អាចទទួលយកបាន ព្រោះរៀងច្រើនដែរ និងសប្បាយចិត្ត»។ បន្ថែមលើនេះ អ្នកស្រី សុក ស្រីពៅ បានបង្ហាញក្ដីសង្ឃឹមថា វិនិយោគិននឹងបន្តវិនិយោគបង្កើតរោងចក្រ នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដែលអាចបង្កើតការងារឱ្យបានកាន់តែច្រើន៕


