នាយករដ្ឋមន្ដ្រីកម្ពុជា ប្រាប់ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ថា «យោធាថៃ មានបំណងប្រើកម្លាំងដណ្តើមយកទឹកដីកម្ពុជា ១៧ទីតាំងផ្សេងទៀត »

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារប្រាប់ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ថា យោធាថៃ មានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីកម្ពុជា នៅទីតាំងចំនួន ១៧ទីតាំងផ្សេងទៀត ស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើជូន លោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានា ដែលរួមមាន៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក អង់តូនីញូ ហ្គោ តេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសប្រជាជាតិលើកទី៨០។
គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាម កំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់ តំបន់យើងទាំងមូលផងដែរ។
តាមរយៈសារលិខិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនថ្នាក់ដឹកនាំពិភពលោក ទាំងអស់អំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបាននាំទៅដល់ការពង្រីកទំហំ និងវិសាលភាពនៃតំបន់ជម្លោះ ហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ។
លើសពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់មេដឹកនាំធំៗ លើពិភពលោក ថា «ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា»៕
