ព័ត៌មានជាតិ

ចិន ចាប់អារម្មណ៍ខ្លាំង​ លើការអនុវត្តបន្ទាន់របស់ CMAC ដើម្បីបោសសម្អាតសំណល់ យុទ្ធភណ្ឌសង្គ្រាមរវាង កម្ពុជា-ថៃ

ភ្នំពេញ ៖ ចិន បានចាប់អារម្មណ៍ខ្លាំង លើការអនុវត្តភារកិច្ចបន្ទាន់ ចំពោះមុខរបស់មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា CMAC ក្នុងការពង្រាយកម្លាំងអន្តរាគមន៍ចាំបាច់ ដើម្បីបោសសម្អាត សំណល់យុទ្ធភណ្ឌសង្គ្រាម រយៈពេល ៥ថ្ងៃ រវាង កម្ពុជា-ថៃ នាពេលកន្លងទៅ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ CMAC បានឲ្យដឹងថា នៅថ្ងៃទី១៧ កញ្ញា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក CMAC បានទទួលជួបពិភាក្សាការងារជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិន Peaceland ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ Chen Yong ទីប្រឹក្សាស្រាវជ្រាវ និងនវានុវត្តន៍ប្រចាំ នៅមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនអាស៊ាន (ARMAC) ដែលបេសកកម្មរបស់ លោកសាស្ត្រាចារ្យChen Yong ជាចំណែកនៃការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះARMAC។

ក្នុងជំនួបពិភាក្សាការងារនេះ មានការផ្តោតការយកចិត្តទុកដាក់ជាសំខាន់ លើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងមូលនិធិចិន Peaceland ក៏ដូចជា ជំនួយវិស័យមីនរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ។ ជាពិសេស កិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ ការងារស្រាវជ្រាវ អភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុង វិស័យសកម្មភាពកម្ចាត់មីន។

ក្នុងជំនួបពិភាក្សានេះដែរ ភាគីចិន បានចាប់អារម្មណ៍ខ្លាំងលើការអនុវត្តភារកិច្ចបន្ទាន់ចំពោះមុខរបស់អង្គភាព CMAC ក្នុងការពង្រាយកម្លាំងអន្តរាគមន៍ ចាំបាច់ដើម្បីបោសសម្អាត សំណល់យុទ្ធភណ្ឌសង្គ្រាមដែលជាមរតក នៃសង្គ្រាមរយៈពេល ៥ថ្ងៃ រវាង ថៃ និងកម្ពុជា ដើម្បីធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋភៀសសឹក ដែលត្រូវវិលត្រឡប់ទៅកាន់លំនៅដ្ឋាន របស់ពួកគាត់វិញ ស្របតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល៕

To Top