កម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ប្រព្រឹត្តដោយកងកម្លាំង ប្រដាប់អាវុធថៃ នៅស្រុកអូរជ្រៅ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំង ប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស នៅថ្ងៃទី១៧ កញ្ញា។
យោងតាមរបាយការណ៍ដែលអាចទុកចិត្តបាន ទាហានថៃ ដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍ បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋ កម្ពុជា នៅភូមិព្រៃចាន់។ សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួស ដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈម មុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធី ។
ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ ជាបន្ទាន់នូវសកម្មភាព អរិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួន គោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋកម្ពុជា ។
លើសពីនេះ កម្ពុជា ក៏អំពាវនាវបន្ថែមទៀត ដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យ យកចិត្តទុកដាក់លើការវិវត្តដ៏ គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងនានា សំដៅទប់ស្កាត់ការកើនឡើង នៃភាពតានតឹង បន្ថែមទៀត៕


