ព័ត៌មានជាតិ

លោក គីម រិទ្ធី ស្វាគមន៍ប្រតិភូ កាកបាទក្រហមអន្តរជាតិ ICRC ដើម្បីទទួលដំណឹង ពីវីរៈកងទ័ពកម្ពុជា ដែលទាហានថៃចាប់ខ្លួន

ព្រះវិហារ ៖ ​លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវប្រតិភូ កាកបាទក្រហមអន្តរជាតិ ICRC ដែលដឹកនាំដោយលោក Stephane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំប្រទេសកម្ពុជា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។

គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីបង្ហាញពីកិច្ច សហប្រតិបត្តិការដ៏រឹងមាំ និងជាពិសេស ដើម្បីផ្តល់ដំណឹង ដ៏រីករាយមួយ។

ក្នុងឱកាសនោះ គណៈប្រតិភូ ICRC បានរាយការណ៍ថា វីរៈកងទ័ពកម្ពុជា ដែលត្រូវបានចាប់ខ្លួន ក្រោយបទឈប់បាញ់នោះ នៅមានជីវិតនៅឡើយ ហើយថែមទាំងមានសុខភាពល្អធម្មតា ទៀតផង។

​ដំណឹងនេះមិនត្រឹមតែ ជាការបន្ធូរបន្ថយ សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាព បញ្ជាក់ពីតួនាទីដ៏សំខាន់ របស់កាកបាទ ក្រហមអន្តរជាតិ ក្នុងការសម្របសម្រួលនិងធានា បាននូវសុវត្ថិភាព សម្រាប់មនុស្សជាតិ ក្នុងគ្រាអាសន្នផងដែរ។

ដោយ៖ សួន ពិសិត/ព្រះវិហារ/ដើមអំពិល

To Top