កម្ពុជាអំពាវនាវជាថ្មីឲ្យថៃ ដោះលែងវីរកងទ័ពខ្មែរ១៨រូប

ភ្នំពេញ ៖ ខណៈថៃបានចាប់ឃុំខ្លួនទាហានកម្ពុជាទាំង១៨រូប អស់រយៈពេល៥១ថ្ងៃមកនោះ កម្ពុជាបានអំពាវនាវសាជាថ្មី ឲ្យភាគីថៃដោះលែងទាហានខ្មែរ មកវិញឲ្យបានឆាប់ៗ ។
យោងតាមការផ្សព្វផ្សាយ របស់ក្រសួងការពារជាតិកម្ពុជានាថ្ងៃទី១៨ កញ្ញា បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី៥១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឲ្យស្ថិតក្រោមការឃុំគ្រង របស់យោធាថៃ ។
ជាមួយគ្នានេះ កម្ពុជាអំពាវនាវឲ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យពួកគាត់អាចវិល ត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឲ្យភាគីថៃដោះលែងកង កម្លាំងរបស់កម្ពុជាទាំង១៨នាក់នោះ វិលត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ ក្នុងនោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់កម្ពុជាណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
