ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃ មកលើពលរដ្ឋកម្ពុជា គឺរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ បានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្ដថា សកម្មភាពបង្កហេតុនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈឆ្នាំ២០០០ កិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀងទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាដើម។

បន្ថែមលើនេះ សកម្មភាពរបស់ទាហានថៃ បាន និងកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើ សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេស ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជា រដ្ឋភាគី៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top