ប្រមុខការពារជាតិ និងកងទ័ពមកពីបណ្តាប្រទេសនៅ អឺរ៉ុប អាហ្វ្រិក អាស៊ី និងក្នុងតំបន់អាស៊ាន ជួបគ្នានៅប៉េកាំង

ភ្នំពេញ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា រួមជាមួយប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ពមកពីបណ្តាប្រទេសនៅ អឺរ៉ុប អាហ្វ្រិក អាស៊ី និងប្រទេសក្នុងតំបន់អាស៊ាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមពិធីបើកវេទិកាប៉េកាំងសៀងសាន លើកទី១២ (THE 12th BEIJING XIANGSHAN FORUM) ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ប្រមុខការពារពារជាតិកម្ពុជា-ចិន នឹងជួបពិភាក្សាការងារ ក្នុងគោលបំណងដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ។
ក្រៅពីនេះលោក ទៀ សីហា ក៏នឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិនិងប្រធានប្រតិភូនៃបណ្ដាប្រទេសជាមិត្ត ដូចជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម ម៉ាឡេស៊ី និង សិង្ហបូរី ក៏ដូចជាជំនួប ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខជាមួយគ្នា៕




