ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ឱ្យជួយបំពេញបន្ថែម ចំពោះវត្តអារាមណា ដែលមិនទទួលបានចង្ហាន់គ្រប់គ្រាន់ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ៖ ​លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើមានចង្ហាន់គ្រប់គ្រាន់​ ប្រគេនដល់ព្រះសង្ឃទេ បើខ្វះឱ្យបំពេញបន្ថែម នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ។

ការណែនាំឱ្យត្រួតពិនិត្យ តាមវត្តអារាម ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់លោក ឃួង ស្រេង ខាងលើនេះធ្វើឡើង ដោយសារតែព្រះពុទ្ធសាសនា​ ជាសាសនារបស់រដ្ឋ ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុក ដាក់ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀប រយសាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ដោយធានាថាមិនមានបញ្ហា អ្វីកើតឡើងឡើយ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា អំពើធាក់ប្លន់យកម៉ូតូ បានកើតមានហើយ បើទោះបីវា មិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅខេត្តជាប់នឹងភ្នំពេញដែរ ដែលទាមទារត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះ កើតមាននៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានណែនាំបន្ថែមថា រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ រឿងដដែលៗនេះ កុំឱ្យគេដាស់ទឿនជាប្រចាំ។ ការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ត្រូវតែធានាបាន១០០ភាគរយ។ ការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែសូមជៀសវាងធ្វើកុំឱ្យប៉ះសន្តិអារម្មណ៍ប្រជាពលរដ្ឋ​ នៅពេលអនុវត្តកិច្ចការងារនេះ។

ក្នុងនដែរលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់បុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងប៉ូលីស សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរ ជូនប្រជាពលរដ្ឋចំនួន១៦ថ្ងៃ។ ដោយឡែកសំរាប់ពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨តុលា ដល់ថ្ងៃទី០៨ វិច្ឆិកាឆ្នាំ២០២៥ ដែលមានរយៈពេល២៩ថ្ងៃ ក៏បានត្រៀមកម្លាំងរួចរាល់ ទាំងការសម្រួលចរាចរ ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារ និងនៅតាមវត្តអារាម ជាមួយនិងការល្បាត ពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top