ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានត្រៀមលក្ខណៈ ដើម្បីទទួលស្វាគមន៍វត្តមាន របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មកបំពេញទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០២៦ខាងមុខ ខណៈឆ្នាំ២០២៦ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់ហ្វូកូនី (ក្រុមប្រទេសនិយាយភាសាបារាំង) ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និងលោក អូលីវែរ រីឆាត ឯកអគ្គរដ្ឋទូតបារាំងថា លោកទូតបានជម្រាបសម្តេចតេជោពីការត្រៀមខ្លួន ក្នុងការរៀបចំដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជាក្នុងឆ្នាំ២០២៦ ខាងមុខ ។

ឯកអគ្គរដ្ឋទូតសង្ឃឹមថា វត្តមានរបស់លោកប្រធានាធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ នឹងញ៉ាំងឲ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន ។
ជាមួយនឹងការត្រៀមមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ សម្តេចតេជោបានសម្តែងក្តីពេញចិត្ត ហើយក៏ត្រៀម ដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតី បារាំង លោក ម៉ាក្រុង មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ សម្តេចក៏បានលើកឡើងអំពីទំនាក់ទំនង រវាងកម្ពុជា-បារាំង ដោយសម្តេចបានបង្ហាញ នូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន នឹងការវិវត្តជាបន្តបន្ទាប់ ។

លោកជា ធីរិទ្ធគូសបញ្ជាក់ថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានសម្តែងនូវក្តីពេញចិត្តដើម្បីទទួលវត្តមានរបស់ឯកឧត្តមប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា”។
សូមបញ្ជាក់ថា អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០។ កម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ ៕
