ព័ត៌មានជាតិ

ក្រសួងការងាររៀបចំ​សិក្ខាសាលា ពិគ្រោះយោបល់ ត្រីភាគី លើសេចក្តីព្រាងច្បាប់ ​ស្តីពី​៖ «សុវត្ថិភាព និងសុខភាពការងារ​​»

ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Oakwood Premier ភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគី លើសេចក្តីព្រាងច្បាប់​ស្តីពី​៖ «សុវត្ថិភាព និងសុខភាពការងារ​​» ក្រោម​អធិបតីភាព​ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ  ​រដ្ឋមន្រ្តីក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និងមានការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ដោយមានការចូលរួមពីតំណាងភាគីអង្គការអន្តរជាតិខាងការងារ(ILO) ព្រមទាំងអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូរពាក់ព័ន្ធដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ១៣៥រូប។

សិក្ខាសាលា​ លើសេចក្តីព្រាងច្បាប់នេះ មានគោលបំណងកំណត់ និងគ្របដណ្តប់លើបញ្ហាពាក់ព័ន្ធ អំពីប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពនិងសុខភាព ការងារ នៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមស្តង់ដារអន្តរជាតិខាងការងារ(ILO) និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីបង្ការនិង ទប់ស្កាត់គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ សំដៅធានាឱ្យមានបរិយាកាសការងារល្អប្រកបដោយផាសុកភាព លើកកម្ពស់ផលិតភាពការងារ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ​ ព្រមទាំងធានាបាននូវសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ  ​រដ្ឋមន្រ្តីក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានគូសបញ្ជាក់ អំពីភាពចាំបាច់ និងសារៈសំខាន់នៃច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីចូលរួមចំណែកសម្រេច ឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញបេសកកម្មក្នុងការលើកកម្ពស់ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរអាចទទួលបានការងារ ប្រកបដោយគុណភាព ដែលជាប្រភេទការងារសមរម្យស្រប តាមនិយមន័យសកល ដែលត្រូវបានកំណត់ដោយអង្គការ ILO ដែលកម្ពុជាជាសមាជិក។

ដើម្បីជាធាតុចូលសម្រាប់កិច្ចពិភាក្សានាថ្ងៃនេះ លោកជំទាវ សូមលើកទឹកចិត្តដល់ត្រីភាគីកម្ពុជា ក្នុងការពិភាក្សាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ សំដៅធានាឱ្យបាន នូវការកំណត់អំពីវិសាលភាព និងគោលបំណងនៃបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងដាក់ចេញនូវវិធានការ ក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយធ្វើការកំណត់នូវតួនាទីនិងភារកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធគឺពិតជាមានសារៈសំខាន់ ក្នុងការពិភាក្សានាថ្ងៃនេះ ។

ជាមួយគ្នានេះដែរតាមរយៈសិក្ខាសាលានេះ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ(ILO) ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅសម្រេចឱ្យបាននូវការងារ សមរម្យសម្រាប់ទាំងអស់គ្នា ដោយមិនទុកបុគ្គលណាម្នាក់ចោលនោះឡើយ ហើយជាពិសេសជាមួយគ្នានេះ ដែរតាមរយៈសិក្ខាសាលាសម្រាប់មួយថ្ងៃពេញនេះ បាន​រៀបចំបែងចែកកិច្ចពិភាក្សា​ជា​ក្រុម ដោយមួយក្រុមៗមានតំណាងរដ្ឋាភិបាល តំណាងភាគីនិយោជក តំណាងភាគីកម្មករនិយោជិត និងតំណាងអង្គការ ដៃគូអភិវឌ្ឍ ព្រមទាំងមានក្រុមការងារសម្របសម្រួលផ្នែកសុវត្ថិភាព និងសុខភាពការងារតាមក្រុមនីមួយៗ ដើម្បីសំយោគ​រិះរកប្រមូលនូវធាតុចូលសំខាន់ៗ នូវសេចក្តីព្រាងច្បាប់ ដើម្បីធានាឱ្យសេចក្តីព្រាងច្បាប់មួយនេះមានប្រសិទ្ធភាព៕

To Top