ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ បង្ហាញមីស៊ីលដំបូងគេ ដែលផលិតរួមគ្នា ជាមួយក្រុមហ៊ុនផលិតសព្វាវុធ របស់សហរដ្ឋអាមេរិក

បរទេស ៖ កោះតៃវ៉ាន់កំពុងប្រជែងគ្នា ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ដោយបានបង្កើនសម្ពាធយោធា រួមទាំងល្បែងសង្គ្រាម និងការបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងជាប្រចាំទៅកាន់ដែនអាកាស និងដែនទឹកក្បែរនោះ។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te បាននិយាយកាលពីខែមិថុនាថា លោកនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ ជាមួយសហរដ្ឋអាមេរិក ហើយកោះនេះនឹងរួមគ្នាអភិវឌ្ឍ និងផលិតអាវុធ។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។

មុនពេលពិព័រណ៍បច្ចេកវិទ្យាអវកាស និងការពារជាតិតៃប៉ិ, វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan ដែលគ្រប់គ្រងដោយយោធា (NCSIST) បានដាក់តាំងបង្ហាញ Barracuda-500 ដែលជាមីស៊ីលនាំផ្លូវស្វ័យភាព និងមានតម្លៃទាប ដែលរចនាឡើងដោយក្រុមហ៊ុន Anduril Industries ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក។

វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ បាននិយាយថា តាមរយៈការផ្ទេរបច្ចេកវិទ្យា ខ្លួនគ្រោងនឹងផលិត កាំជ្រួចជាច្រើននៅកោះតៃវ៉ាន់ ដែលត្រូវបានរចនាឡើង សម្រាប់ការវាយប្រហារ ជាក្រុមលើនាវាចម្បាំង និងស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើកបំផ្ទុះអត្តឃាត៕
ប្រែសម្រួលៈ ណៃ តុលា

To Top