ព័ត៌មានជាតិ

BREAKING: នាយករដ្ឋមន្ត្រីថៃ Anutin បើកភ្លើង​ខៀវ​ឲ្យ​យោធា​គ្រប់គ្រង​ការប៉ះទង្គិច​គ្នា ​នៅ​Nong Ya Kaeo ក្នុងខេត្តស្រះកែវ

បរទេស៖ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ថ្លែងនៅសភាពាណិជ្ជកម្មថៃ នៅថ្ងៃព្រហស្បតិ៍លោកនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Anutin Charnvirakul បានអត្ថាធិប្បាយអំពីការប៉ះទង្គិចគ្នារវាងទាហានថៃ និងប្រជាជនកម្ពុជានៅភូមិ Nong Ya Kaeo ក្នុងខេត្តស្រះកែវ។ លោក​ថា បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ និង​ពន្យល់​ដោយ​យោធា ហើយ​យើង​ត្រូវ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

សារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា នេះថា តំបន់​នោះ​ស្ថិត​នៅ​ក្រោម​ច្បាប់អាជ្ញាសឹក ដូច្នេះ​អាជ្ញាធរ​ធ្វើ​សេចក្តី​សម្រេច​ត្រូវ​នៅ​ជាមួយ​យោធា។ លោកមិនទាន់បានចូលកាន់តំណែងជារដ្ឋបាលរដ្ឋាភិបាលជាផ្លូវការនៅឡើយទេ ប៉ុន្តែបានសន្យាចំពោះអ្នកដែលទទួលខុសត្រូវសន្តិសុខថា នៅពេលរដ្ឋាភិបាលរបស់លោកចូលកាន់តំណែង លោកនឹងស្តាប់អ្នកដែលនៅព្រំដែន និងអ្នកទទួលខុសត្រូវផ្ទាល់លើបញ្ហាសន្តិសុខ ដូចជាការបើកច្រកព្រំដែនជាដើម។ លោក​បាន​បន្ថែម​ថា​មិន​គួរ​មាន​ការ​រំពឹង​ទុក​ទេ​ព្រោះ​ផ្លូវ​ឆ្លង​កាត់​មិន​ទាន់​បើក។

ទាក់ទិននឹងលិខិតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរទៅកាន់ប្រធានអាស៊ាន និងមេដឹកនាំពិភពលោកនោះ លោក Anutin និយាយថា មេដឹកនាំប្រទេសណាក៏ដោយ ត្រូវតែការពារផលប្រយោជន៍ជាតិរបស់ខ្លួន ដូចមេដឹកនាំថៃ ត្រូវតែការពារផលប្រយោជន៍របស់ប្រទេសថៃ ឲ្យលើសពីប្រទេសណា ឬហេតុផលផ្សេងទៀត។

លោក​បាន​បញ្ជាក់​ថា ផលប្រយោជន៍​របស់​ប្រទេស​ថៃ​គឺ​សន្តិភាព ស្ថិរភាព អធិបតេយ្យភាព និង​សុវត្ថិភាព​របស់​ប្រជាជន​របស់​ប្រទេស។ លោកបានបញ្ចប់ដោយនិយាយថា “យើងប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌនេះ និងគោលការណ៍ទាំងនេះ។ ពួកគេនឹងមិនផ្លាស់ប្តូរឡើយ”។

ប្រែប្រួលៈ ណៃ តុលា

To Top