ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ !

ខេត្តពោធិ៍សាត ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកាបរិវេណសាលាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលខេត្តពោធិ៍សាត់ លោកខូយ រីដា អភិបាលខេត្ត បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត អស់រយៈពេល៩ខែមកនេះ ធ្វើឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈក្រៃលែង។

ក្នុងពិធីសំណេះសំណាលនោះដែរលោក ខូយ រីដា បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងនៅឡើយ ជូនដល់បងប្អូនមន្ត្រីរាជការ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនោះដែរ លោកអភិបាល ខេត្តពោធិ៍សាត់ បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវគោរពវិន័យនាំ ឱ្យមានសេចក្តីថ្លៃថ្នូរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានភាពស្មោះត្រង់ ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ឱ្យកាន់តែប្រសើរឡើង ខិតខំធ្វើការងារ ត្រូវនិយាយតិច ធ្វើឱ្យច្រើន និងមានភាពទទួលខុសត្រូវខ្ពស់។ លោកអភិបាលក៍បានបន្តថា ជីវិតជាមន្ត្រីរាជការ ត្រូវក្តាប់ឱ្យជាប់ នូវទិសដៅការងារ ចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ នៃការដឹកនាំ របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នៃការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដែលមានទិសដៅច្បាស់លាស់ ដើម្បីឱ្យខេត្តពោធិ៍សាត់មានការរីកចម្រើន។

លើសពីនេះទៀតលោកអភិបាលខេត្តពោធិ៍សាត់ ក៍បានច្រើនរំលឹកដល់មន្ត្រីរាជការវ័យក្មេងទាំងអស់ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយទៅជាមន្ត្រីមានសមត្ថភាពពិតប្រាកដ ខិតខំប្រឹងប្រែងធ្វើការងារ នៅពេលខាងមុខ និងមានអនាគតល្អប្រសើរ។ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ សូមជៀសឱ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់គ្រឿងញៀន កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីសុខភាពផ្ទាល់ខ្លួន និងសេដ្ឋកិច្ចគ្រួសារ។

ជាចុងក្រោយលោក អភិបាល ខេត្តពោធិ៍សាត់ ក៍បានសំណូមពរបណ្តាអង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត សូមពង្រឹងការងារ នៅតាមវិស័យការងាររបស់ខ្លួនឱ្យបានល្អ ការគ្រប់គ្រងមន្ត្រីក្រោមឱវាទ និងការកែលម្អតាមទីចាត់ការ-អង្គភាព-ការិយាល័យ ឱ្យបានស្អាត និងមានបរិយាកាសល្អ ផាសុខភាពល្អ ៕
ប្រភពរូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន (ដើមអម្ពិល)

To Top