ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ អំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រ ដល់កម្លាំងជួរមុខ និងជនភៀសសឹក

ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។

តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរក ដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ។

ក្នុងន័យនេះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចបង្កើត “មូលនិធិគាំទ្រកម្លាំង ជួរមុខក្រសួងមហាផ្ទៃ» ក្នុងគោលបំណងបន្តកៀរគរប្រមូលជំនួយ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់កម្លាំងជួរមុខ របស់យើង ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក៏ដូចជា ដើម្បីចូលរួមសម្រាលការលំបាកនានារបស់ជនភៀសសឹក។

ក្នុងស្មារតីស្នេហាជាតិ និងបុព្វហេតុមនុស្សធម៌ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំង សាធារណជនមេត្តាចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ផ្សេងៗ តាមរយៈមូលនិធិជួរមុខមហាផ្ទៃ (គណនីABA 014 738 093 KHR/014 738 096 USD)»។

ក្រសួងមហាផ្ទៃ មានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាធារណជននឹងចូលរួមឧបត្ថម្ភគាំទ្រ ប្រកបដោយស្មារតីស្នេហាជាតិ សាមគ្គីភាព និងទឹកចិត្តសប្បុរស តាមការអំពាវនាវខាងលើជាក់ជាពុំខាន៕

To Top