ព័ត៌មានជាតិ

សហជីពថា ការជំរុញដំឡើងប្រាក់ខែ គោលខ្ពស់ហួសប្រមាណ ពីសង្គមស៊ីវិលមួយចំនួន នឹងក្លាយជាការបោកបំផ្លាញ ឆ្នាំងបាយកម្មករ

ភ្នំពេញ៖ សហជីពធំៗ នៅកម្ពុជា ដែលតំណាង ឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់ បានលើកឡើងថា ការជំរុញឱ្យមាន ការដំឡើង ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងកម្រិតខ្ពស់ហួសប្រមាណ នឹងក្លាយជាការបំផ្លាញ ឆ្នាំងបាយកម្មករ។

លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជា លើកឡើងថា ការដំឡើងប្រាក់ឈ្នួលគោល ក្នុងកម្រិតមួយខ្ពស់ហួស ប្រមាណនឹងធ្វើឱ្យមានការ ប៉ះពាល់ដល់ការវិនិយោគជាមិនខាន ពោលគឺអ្នកវិនិយោគចាស់ នឹងធ្វើការផ្លាស់ប្តូរចេញ ទៅកាន់ប្រទេសផ្សេង ហើយអ្នកវិនិយោគថ្មីក៏មិន អាចធ្វើការវិនិយោគមក កាន់ប្រទេសដែលមាន ប្រាក់ឈ្នួលខ្ពស់ហួសប្រមាណនោះដែរ។

លោកថ្លែងថា៖«ការដំឡើងប្រាក់ឈ្នួល ខ្ពស់អាចប្រឈមការបាត់បង់ឱកាសការងារ របស់បងប្អូនកម្មករនិយោជិត ហើយវាហាក់បីដូចជា វាយបំបែកឆ្នាំងបាយកម្មករនិយោជិតទៀតផង។ ចំពោះមុខ អ្វីដែលល្អបំផុតគឺការដំឡើងប្រាក់ឈ្នួល ដែលអាចឱ្យកម្មករ និយោជិតអាចមានប្រាក់ ចំណូលរស់នៅសមរម្យ អាចរក្សាបាននូវឱកាសការងារ និងរក្សាបាននូវ បរិយាកាសកល្អសម្រាប់អ្នក វិនិយោគទាំងចាស់ ទាំងថ្មីបន្ថែមទៀតមកកម្ពុជា»។

ជាមួយគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាព សហជីពរក្សាសិទ្ធិកម្មករកម្ពុជា គាំទ្រការដំឡើងប្រាក់ឈ្នួល សម្រាប់កម្មករនិយោជិត ក្នុងកម្រិតមួយប្រកបទៅដោយ ការថ្លឹងថ្លែងស្រាលធ្ងន់ច្បាស់លាស់ ធ្វើយ៉ាងណារក្សាបានលំនឹងនៃការវិនិយោគ ហើយថែមទាំងអាចទាក់ទាញបានអ្នកវិនិយោគថ្មីមកបន្ថែមទៀតកាន់តែច្រើន សំដៅធ្វើឱ្យការដំឡើងប្រាក់ឈ្នួលបានកាន់តែខ្ពស់ សេដ្ឋកិច្ចជាតិកាន់តែប្រសើរ ជីវភាពពលរដ្ឋធូរធា។

លោកថ្លែងថា៖«យើងមើលឃើញថា ការដំឡើងប្រាក់ឈ្នួលរាល់ៗឆ្នាំ ក៏ដូចជាការធ្វើសកម្មភាពផ្សេងៗនេះ ជាការត្រៀមទាក់ទាញវិនិយោគបន្ថែម កាន់តែច្រើន មកកាន់កម្ពុជា កាន់តែធំជាងមុន ហើយនៅពែលនោះ ​ហើយដែលយើង នឹងទទួលបានអត្ថប្រយោជន៍ ក៏ដូចជាប្រាក់ឈ្នួល បងប្អូនកម្មករ និយោជិតកាន់តែខ្ពស់បន្ថែមទៀត»។

ទន្ទឹមនេះ លោក ទុយ កុសល ប្រធានសហព័ន្ធ សហជីពរួបរួមអភិវឌ្ឍន៍កម្មករ លើកឡើងថា ការដំឡើងប្រាក់ឈ្នួលតិចឬ ច្រើនមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺការរក្សាបាននូវលំនឹងការងារ រក្សាបានអ្នកវិនិយោគចាស់ បន្ថែមអ្នកវិនិយោគថ្មី ជាពិសេស គឺផ្តល់ឱកាសការងារជូនដល់បងប្អូន អតីតពលករទើបមកពីប្រទេសថៃ។

លោកបញ្ជាក់ថា៖«បើយើងទាមទារដំឡើងប្រាក់ឈ្នួលគោលខ្ពស់ហួសប្រមាណពេក សហគ្រាស ក្រុមហ៊ុន រោងចក្រ គេអាចនឹងរើចេញពីកម្ពុជា យើង អ៊ីចឹងមានខុស អីពីការបោកបំផ្លាញឆ្នាំងបាយកម្មករ។ តែបើការដំឡើងសម ស្របទៅ តាមស្ថានភាពសេដ្ឋកិច្ច ដែលទទួលយកបានទាំងអស់គ្នា គឺជារឿងល្អ ហើយក៏អាចទាក់ទាញ បានអ្នកវិនិយោគថ្មីៗបន្ថែមដែរ»៕

To Top