ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ ៖ ការតម្រង់ទិសដល់អ្នកព័ត៌មាន ឲ្យយល់ពីក្រមសីលធម៌ គឺការពារឲ្យផុតពីផ្លូវច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ការតម្រង់ទិសដល់អ្នកសារព័ត៌មាន​ ឲ្យយល់ដឹងច្បាស់អំពីច្បាប់ និង ក្រមសីលធម៌វិជ្ជាជីវៈ គឺជាការផ្តល់ការការពារ និងជួយឲ្យពួកគេអាចចៀសផុត ពីការប្រឈមនឹងការប្តឹងផ្តល់តាមផ្លូវច្បាប់។ ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចខ្លួន ដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ហើយមិនត្រូវប្រើ សិទ្ធិសេរីភាពហួសពីព្រំដែនច្បាប់កំណត់ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ឬបង្កមហន្តរាយដល់សន្តិសុខជាតិឡើយ។

តាមរយៈបទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ មានប្រសាសន៍ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនង ជាមួយអ្នកសារព័ត៌មាន ដោយបានគូសបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបន្តផ្តល់ការតម្រង់ទិស ជាប្រចាំលើការប្រតិបត្តិក្រមសីលធម៌ដល់អ្នកសារព័ត៌មានទាំងប្រពៃណី និងទំនើប ដែលកំពុងអនុវត្តការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈត្រូវបន្តយកចិត្តទុកដាក់ចំពោះបញ្ហានានា ដែលមួយផ្នែក បានកើតឡើងបណ្តាលមក ពីសកម្មភាពផ្ទុយក្រមសីលធម៌វិជ្ជាជីវៈ និងការប្រព្រឹត្តហួសបន្ទាត់ ដែលច្បាប់កំណត់របស់អ្នកសារព័ត៌មាន។

លោកបញ្ជាក់ថា «ការប្រឈមនឹងការប្តឹងផ្តល់ ឬបញ្ហាផ្លូវច្បាប់ របស់អ្នកសារព័ត៌មាន គឺដោយសារអ្នកសារព័ត៌មាន ពុំបាន យល់ច្បាស់អំពីច្បាប់ អំពីព្រំដែននៃសិទ្ធិសេរីភាពរបស់ខ្លួន ក្នុងនាមជាអ្នកសារព័ត៌មាន»។

ក្នុងន័យនេះ លោកបានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ឲ្យគិតគូររៀបចំការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងបន្តផ្សព្វផ្សាយជាប្រចាំអំពីសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដើម្បីឲ្យពួកគេទទួលបានការយល់ដឹងគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃ ។

សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានវិញ ទាំងប្រពៃណី និងទំនើប លោកបានរំលឹកថា អ្នកសារព័ត៌មានត្រូវរាយការណ៍ព័ត៌មានរបស់ខ្លួនដោយផ្សារភ្ជាប់សិទ្ធិ កាតព្វកិច្ច ជាមួយការទទួលខុសត្រូវសង្គម ផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អ្នកសារព័ត៌មាន មានសិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានា ដោយសេរី ប៉ុន្តែក៏ត្រូវមានកាតព្វកិច្ចគោរពសិទ្ធិបុគ្គល ក្រមសីលធម៌ និងគោលការណ៍ច្បាប់ជាធរមានផងដែរ៕

To Top