ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយ សម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករ ជំរុញឱ្យមានការផ្លាស់ប្ដូរ ដល់វិស័យទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយ សម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករ ជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ កាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន ។

ការថ្លែងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសចូលរួមជាមួយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពីទេសចរណ៍ឌីជីថល ក្នុងគោលបំណងផ្សព្វផ្សាយ អំពីនិរន្តរភាព នៃការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់ រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រអាជីវកម្មទេសចរណ៍ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាល័យ។

ឆ្លៀងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ចរន្តសកលភាវូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិម្មិត ឬហៅកាត់ថា «AI» បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅ,ការសិក្សា, ការប្រកបអាជីវកម្ម, វិទ្យាសាស្ត្រសុខាភិបាល, យោធា ការផ្ដល់សេវាសាធារណៈ, ការធ្វើធុរកិច្ច និង ទេសចរណ៍ ជាដើម។

លោក ហួត ហាក់ មានប្រសាសន៍បន្តថា បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកាលីករដ៏សំខាន់ក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃចង្វាក់សេដ្ឋកិច្ចដែលមិនអាចខ្វះបាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថលត្រូវបានគេប្រើប្រាស់ សម្រាប់ការចាប់យកកាលានុវត្តភាព និងឧត្ដមភាពប្រកួតប្រជែងថ្មីៗ មានជាអាទិ៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការកាត់បន្ថយថ្លៃដើមក្នុងចង្វាក់ផលិតកម្ម ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងការធានានូវឧត្ដមភាពប្រកួតប្រជែងក្នុងទីផ្សារ។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ចំណែកនៅក្នុងវិស័យសាធារណៈ បច្ចេកវិទ្យាឌីជីថលបានជួយជំរុញចរន្តការ នៃការកែទម្រង់ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេស ការផ្ដល់សេវាសាធារណៈ សម្រាប់ធុរកិច្ច ដោយបានកាត់បន្ថយ នូវនីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព, និងកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន និងប្រជាជនទូទាំងប្រទេស៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top