ព័ត៌មានជាតិ

គន្លងផ្លូវដើរ របស់ព្យុះចំនួន៣ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ 

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៧ឈ្មោះ មីតាក (T2517) ព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា (T2518) និងព្យុះទី១៩ឈ្មោះ នេហ្គោវី (T2519) ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងកម្ពុជា ប៉ុន្តែគន្លងផ្លូវដើររបស់ព្យុះទាំងនេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ ។

ប៉ុន្តែទោះបីជាមិនទទួលរងឥទ្ធិពលខ្លាំងក៏ដោយ ក៏ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប នាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់ បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។

សម្រាប់តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។

ដោយឡែក តំបន់មាត់សមុទ្រវិញ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។ រលកសមុទ្រខ្លាំងៗ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

ដូច្នេះ សាធារណជនត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕

To Top