ព័ត៌មានជាតិ

ឆ្នាំ២០២៥នេះ មានបេក្ខជន ប្រឡងជាប់បាក់ឌុប ជាង១២ម៉ឺននាក់

ភ្នំពេញ ៖ បេក្ខជនប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាសម័យប្រឡង៖ ២៨ សីហា ២០២៥មានសរុបចំនួន ១២២ ៤៧៣ នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះបានឲ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ការប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។

ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់។ សម្រាប់មណ្ឌលសំណេរមានចំនួនសរុប២៤១មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ។ ក្នុងនោះ ៖ ថ្នាក់វិទ្យាសាស្ត្រមានចំនួន៧២មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់ ៕

To Top