សម្តេចតេជោ៖ UNESCO ជួយឲ្យសម្បត្តិបេតិកភណ្ឌកម្ពុជា ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា អង្គការ UNESCO បានចូលរួមចំណែកជួយឲ្យសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអរូបិយ និងរូបិយដែលបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការUNESCO ។
សម្តេចតេជោបន្ថែមថា ក្នុងនោះកម្ពុជាមិនអាចខ្វះបាននោះទេ ចំពោះតួនាទីរបស់អង្គការUNESCOដែលបានជួយជ្រោមជ្រែងក្នុងការការពារ និងផ្តល់យោបល់ដើម្បីឲ្យសម្បត្តិបេតិកភណ្ឌកម្ពុជាបានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ ។
អ្នកនាំពាក្យបញ្ជាក់ថា “សម្តេចតេជោថា កម្ពុជាវិញទេដែលត្រូវអរគុណចំពោះក្រុមការងារអង្គការ UNESCO ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ទាំងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាក្នុងវិស័យអប់រំដែរ ដែលអង្គការUNESCOបានចូលរួមចំណែកជួយដល់កម្ពុជា” ។
បើតាមលោកជា ធីរិទ្ធ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត តំណាងអង្គការ UNESCO បានអរគុណចំពោះសម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានគាំទ្រសកម្មភាពរបស់អង្គការយូណេស្កូគ្រប់បែបយ៉ាង ហើយការគាំទ្រនេះ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរនិងរីកចម្រើនជាបន្តបន្ទាប់៕



