ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិកម្ពុជា រាយការណ៍ពីស្ថានភាពភូមិព្រៃចាន់ ទៅរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបាន រាយការណ៍ទៅលោក  Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីអំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន ក្រោយយោធាថៃធ្វើសកម្មភាពបំពានកម្ពុជាជាថ្មីម្តងទៀតកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃ១៩ កញ្ញាថា នាថ្ងៃ១៨ កញ្ញា នាយឧត្តមសេនីយ៍ ទៀ សីហា បានជួបសម្តែងការគួរសម ជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ។ ក្នុងជំនួបនោះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលីសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លាលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់លើការជំរុញបទឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ។

សូមបញ្ជាក់ថា គិតមកដល់ម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានភាពស្ងប់ស្ងាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏កងទ័ពកម្ពុជាបន្តឈរជើងការពារ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ហេតុការណ៍ដែលអាចកើតមានឡើងជាយថាហេតុ ៕

To Top