ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ ទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី គូសបញ្ជាក់ថា «ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានល្អសម្រាប់ការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ ក្នុងការឈានទៅចាប់យកអាជីពច្បាស់លាស់ នៃការកសាងអនាគតដ៏ភ្លឺស្វាងក្រោមម្លប់សន្តិភាព»។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ៣,០០៣ នាក់, និទ្ទេស B ចំនួន ៩,៩០១ នាក់, និទ្ទេស C ចំនួន ២៨,៨០១ នាក់, និទ្ទេស D ចំនួន ៤៥,៨៥៩ នាក់ និងនិទ្ទេស E ចំនួន ៣៤,៩០៩ នាក់ ៕
