លោក ហួត ហាក់ ៖ សមិទ្ធផលក្នុងវិស័យទេសចរណ៍បច្ចុប្បន្ន កើតចេញពីការរួមចំណែកពីគ្រប់ផ្នែក តាំងពីថ្នាក់ដឹកនាំ រហូតដល់សមាជិកបក្សគ្រប់ជំនាន់

ភ្នំពេញ៖លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍ បានថ្លែងថា សមិទ្ធផលក្នុងវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ គ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមដឹកនាំ ការចាត់តាំងអនុវត្តសកម្មភាពការងារ តាមផែនការដែលបានដាក់ចេញ ។

ការថ្លែងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ដែលគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍សម្រេចបាន នៅក្នុងរយៈពេល១ឆ្នាំ ចាប់តាំងពីការចូលកាន់ដំណែង របស់លោក ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍ ព្រមទាំងដាក់ចេញ នូវទិសដៅការងារអនុវត្តបន្ត។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការ គណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការ គណបក្សក្រសួង លោកអ៊ំ ពូមីង ជានិវត្តន៍ជន ព្រមទាំងមានការចូលរួម ពីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ និងបងប្អូនសមាជិកបក្ស ក្រសួងទេសចរណ៍ ទាំងអស់សរុបប្រមាណជាង ៦០០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ហួត ហាក់ មានប្រសាសន៍ថា ការងារគណបក្ស និង ការងាររដ្ឋត្រូវដើរទន្ទឹមគ្នា, មានគណបក្សប្រជាជនកម្ពុជា, មានថ្ងៃរំដោះ៧មករា, មានគោលនយោបាយឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ ដែលនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដី ទើបយើងមានអ្វីៗទាំងអស់ ដូចសព្វថ្ងៃនេះ រាប់ទាំងសមិទ្ធផល និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះការរីកចម្រើនជាបន្តបន្ទាប់ នៃវិស័យទេសចរណ៍ ដែលបានចូលរួម នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលក្នុងវិស័យរបស់យើងនាពេលបច្ចុប្បន្ន គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ គ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមដឹកនាំ ការចាត់តាំងអនុវត្តសកម្មភាពការងារ តាមផែនការដែលបានដាក់ចេញ ដោយបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈ សព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ហួត ហាក់ ក៏បានគូសបញ្ជាក់បន្ថែមថា សមាជិកបក្សត្រូវយល់ដឹង ឱ្យបានច្បាស់អំពីប្រវត្តិ លក្ខន្តិកៈគណបក្ស ស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស និងសមិទ្ធផល ដែលសម្រេចជូនប្រទេសជាតិ ជាពិសេសក្នុងរយៈពេល៤៦ ឆ្នាំកន្លងមកនេះ ព្រមទាំងត្រូវប្តេជ្ញាការពារ នូវរាល់សមិទ្ធផលជាប្រវត្តិសាស្ត្រទាំងអស់នោះឱ្យបានគត់ម៉ត់។

លោក ហួត ហាក់ បានយកឱកាសនេះ ថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោក ហួត ហាក់ គោរពថ្លែងអំណរគុណ ដោយស្មោះស័្មគ្រចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិស្នេហាប្រជាជន ដោយខិតខំប្ដូរផ្ដាច់ បូជាសាច់ស្រស់ ឈាមស្រស់ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺជាគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន ដែលទាំងអស់គ្នាចងចាំជានិច្ច៕




ដោយ៖ ដារាត់| ដើមអម្ពិល
