មីជាតិ សូមជម្រាបសាធារណជនថា ករណីនេះមិនបានចេញពីក្រុមហ៊ុននោះទេ សូមបងប្អូនអតិថិជនទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងជាវ

ភ្នំពេញ៖ បន្ទាប់ពីមានការចែករំលែកលើបណ្តាញសង្គម ពីករណី អតិថិជនម្នាក់ ទិញមីជាតិ តែពេលហែកកេស ទៅជាបានមីម៉ាម៉ាទៅវិញ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់និងមីជាតិ) សូមបញ្ជាក់ជូនសាធារណជនថា ករណីនេះមិនបានចេញពីក្រុមហ៊ុននោះទេ សូមបងប្អូនអតិថិជនទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងជាវ។


ការបំភ្លឺបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន (មីជាតិ) បានឃើញនៅគណនីហ្វេសបុក ឈ្មោះ Ly Layky បង្ហោះថា “ដល់កជួបខ្លួនឯងហើយ មី៣កេស មីសៀម២កេសហើយ រកស៉ីបែបនេះខែបុណ្យទានបានទៀតក្រុមហ៊ុន មីជាតិ – Mee Chiet ជួយមើលផង ប្រជាជនខ្មែរចង់គាំទ្រផលិតផលខ្មែរ តែដេប៉ូធ្វើបែបនេះខូចឈ្មោះផលិតផលខ្មែរអស់ហើយ!!!”។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ចក្រុមហ៊ុនមីជាតិ បានថ្លែងប្រាប់មជ្ឃមណ្ឌលព័ត៌មាន ដើមអម្ពិលថា “យើងឃើញមានករណីថ្មីមួយទៀតដែលមានការចែករំលែកនៅក្នុងបណ្ដាញសង្គមឃើញថាមានអតិថិជនដែលបាន ជាវ មីជាតិ ហើយនៅក្នុងកេស បែរជាមានផលិតផលផ្សេងទៅវិញ ដែលនេះជាការមិនត្រឹមត្រូវទេហើយក៏មិនគួរឲ្យកើតមានឡើងដែរនៅក្នុងសង្គមកម្ពុជាយើង។

លោកបន្ថែមថា “ប្រសិនបើករណីបែបនេះពិតជាកើតឡើងហើយមានបងប្អូនអាជីវករយើងអនុវត្ត ដូច្នេះខ្ញុំគិតថាមិនត្រឹមត្រូវទេហើយខ្ញុំក៏នៅតែសូមសំណូមពរ និងទទួចថាយើងជាខ្មែរយើងត្រូវតែរក្សាឲ្យបាននូវភាពសុច្ចរិតទៀងត្រង់និងការគោរពដល់អតិថិជនដែលជាអ្នកគាំទ្រដល់អាជីវកម្មរបស់យើង។

បន្ថែមលើសពីនេះក្រុមហ៊ុន មីជាតិ សំណូមពររាល់អតិថិជនជាវ មីជាតិ ទាំងអស់សូមមើលទៅលើ កេសទាំងខាងលើ និងខាងក្រោម ជៀសវាងមានផលិតផលផ្សេងនៅក្នុងកេសមីជាតិ។

ចំពោះករណីខាងលើនេះ ក្រុមហ៊ុននឹងមានចំណាត់ការចុះទៅជួបផ្ទាល់ជាមួយដេប៉ូ ដែលលោកស្រី Ly Layky បានជាវក្នុងពេលឆាប់ៗនេះ។
ជាចុងក្រោយ ក្រុមហ៊ុន វ័ន ហ្វ្រេតធើណីធី ឯ.ក (វីតាល់និងមីជាតិ) សូមអរគុណដល់អតិថិជនទាំងអស់ ដែលគាំទ្រផលិតរបស់ខ្លះ និង ជាពិសេសគាំទ្រផលិតផលដែលផលិតដោយកូនខ្មែរពិត។
