ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈ និងបួងសួងបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស និងកងទ័ពឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន !

ពោធិ៍សាត់ ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត នាព្រឹកថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ គោរពបូជា និងបួងសួងឱ្យបារមី​លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយបីបាច់​ថែរក្សា​ថ្នាក់ដឹកនាំ​​គ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបាន​សេចក្តីសុខ សេចក្តីចម្រើន។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសារ តែប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានសុខុដុមនីយកម្មសាសនា ដែលបានអនុញ្ញាតិឲ្យ​ប្រជាពលរដ្ឋ​នៅទូទាំងប្រទេសបានចូលរួម ប្រារព្ធពិធីបុណ្យផ្សេងៗតាមជំនឿរៀងៗខ្លួន ពិសេស បុណ្យភ្ជុំបិណ្ឌ​នៅក្នុងឆ្នាំនេះបានយ៉ាងអធិកអធម។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរ​ក្នុងការផ្តល់នូវមធ្យោបាយធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅស្រុកកំណើត​។ សម្តេចក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាដែលធ្វើ​ដំណើរត្រលប់មកពីស្រុកកំណើតវិញ សូមប្រកបតែនឹងសុខសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ ត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ និងកុំសេពគ្រឿងស្រវឹង ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈ​គ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ​នៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេស សូមគ្រប់ក្រុមគ្រួសារ​ចៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍​កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពី​គ្រោះ​​រាំងស្ងួត សម្តេចក៏បាន​បួងសួងដល់គុណបុណ្យបារមី​វត្ថុស័ក្តិសិទ្ធិ​ក្នុងលោកតាមជួយប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារ​ទឹកដីពី​ខ្មាំងសត្រូវ៕

ប្រភពនិងរូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top