ក្រសួងការពារជាតិ គូសបញ្ជាក់នូវការពិតថា «កងកម្លាំងរបស់កម្ពុជា មិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃឡេីយ»

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជា មិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃ ខណៈកងកម្លាំងកម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា «នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ»។
ក្រសួងការពារជាតិ ថា «សូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់យើង បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ»។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។
កងកម្លាំងរបស់កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត៕
