ព័ត៌មានជាតិ

ស្ថានភាពទឹកលេចឃុំទាំង៦ នៅស្រុកកោះញែក បានធូរស្បើយវិញបណ្តើរៗហើយ

មណ្ឌលគិរី៖ ប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរជម្លៀសទៅរកទីទួលមានសុវត្ថភាពរយៈពេល២,៣ថ្ងៃមុននេះ អាចវិលអៅលំនៅដ្ឋានវិញ បណ្តើរៗហើយ ខណៈដែលជំនន់នៃទឹកភ្លៀងបានស្រកចុះច្រើន នេះបើតាមការបញ្ជាក់ពីអភិបាលស្រុកកោះញែកលោកសី ទួច នៅថ្ងៃទី២៤ខែកញ្ញានេះ។

អាជ្ញាធរមូលដ្ឋានបានជម្លៀសពលរដ្ឋតាំងតែពីថ្ងៃទី២០ខែកញ្ញា ស្របពេលដែលជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងរហ័សនិងឈានដល់ជន់លេចទូទាំងឃុំទាំង៦របស់ស្រុកកោះញែក។

លោក សី ទូច អភិបាលស្រុកកោះញែក បានប្រាប់ពីផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៦ឃុំ ដែលរងផលប៉ះពាល់ ។ ក្នុងនោះ ឃុំណងឃីលិកមានផ្លូវចំនួន ៤កន្លែងត្រូវបានលិចទឹក ដែលមានប្រវែងប្រហែល ១,០៨០ម៉ែត្រ ។ ឃុំអរបួនលើមានផ្លូវទូទាំងឃុំត្រូវបានលិចទឹក និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៥៥ខ្នង ស្មើនឹង ១៨០គ្រួសារ ។ ឃុំរយ៉មានផ្លូវចំនួន ២ខ្សែ ប្រវែង ៨០០ម៉ែត្រ និងប៉ះពាល់ផ្ទះចំនួន ១០០ខ្នង ។

ឃុំសុខសាន្តមានផ្លូវសរុបទូទាំងឃុំប្រវែង ៣,៥០០ម៉ែត្រត្រូវបានលិច  សាលាបឋមសិក្សាសុខសាន្តក៏រងផលប៉ះពាល់ ។ ទំនប់អូរវល់ក្នុងភូមិស្រែធំត្រូវបានខូចខាតទាំងស្រុង រីឯទំនប់អូរណំក្នុងភូមិក្តង់ឡែវិញ ទឹកបានហូរច្រោះលើខ្នងទំនប់ទាំងស្រុង ១,៤០០ម៉ែត្រ ។ ឃុំស្រែហ៊ុយមានផ្លូវសរុបប្រវែង ៥,៥០០ម៉ែត្រត្រូវបានលិចទឹក ។ ចំណែកឯឃុំស្រែសង្គមវិញ វត្តចំនួន ២ គឺវត្តគិរីរម្យ និងវត្តរតនមណ្ឌលរង្សី រងផលប៉ះពាល់ ។ សាលាបឋមសិក្សាហ៊ុន សែនកោះញែកក៏ត្រូវបានលិចទឹកផងដែរ ។ ផ្លូវលំឃុំជាប់មាត់ច្បារ និងផ្លូវគម្រោងមន្ទីរអភិវឌ្ឍន៍ក៏ត្រូវបានជន់លិច និងផ្ទះប្រជាពលរដ្ឋចំនួន ១៥ខ្នងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

ចំណែកកម្លាំងនគរបាលខេត្តមណ្ឌលគិរីដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កាលពីម្សិលមិញក៏បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅភូមិចំនួន ៤ ក្នុងស្រុកកោះញែក រួមមាន៖ ភូមិអន្ទ្រេះ ភូមិអរបួនលើ ភូមិឈូល ភូមិស្រែសង្គម និងឃុំស្រែហ៊ុយ ។ លោកឧត្តមសេនីយ៍ស្នងការបានជំរុញឱ្យអធិការស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋ និងត្រៀមជួយសង្គ្រោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងដោះស្រាយបញ្ហាចាំបាច់មួយចំនួនឱ្យបានទាន់ពេលវេលា៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top