កម្ពុជា ជំរុញឱ្យអន្តរជាតិ ផ្តល់ហិរញ្ញប្បទាន ការពារព្រៃឈើ សម្រាប់សកម្មភាពអាកាសធាតុ ពិសេសអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន

ភ្នំពេញ ៖ កម្ពុជា បានជំរុញឱ្យសហគមន៍អន្តរជាតិ ផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលមានសារៈសំខាន់មិនត្រឹមតែ សម្រាប់សកម្មភាពអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាព រស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបទអន្តរាគមន៍ បែបនេះ ក្នុងឱកាសបើកកិច្ចសន្ទនាអន្តរជាតិ ស្តីពីកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិច ជារៀងរហូត Tropical Forest Forever Facility (TFFF) Dialogue, ដែលរៀបចំដោយប្រទេសប្រេស៊ីល នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ សប្តាហ៍ពិសេស ស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមរិក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ លោក អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ព្រៃឈើ គឺជាវិស័យសំខាន់ ដែលត្រូវការការពារនិងអភិរក្ស សម្រាប់ប្រទេសកម្ពុជា ហើយវាបានដាក់បញ្ជូលក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) និងបានដាក់ជូនលេខាធិការដ្ឋាន អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) រួចហើយ ដែលក្នុងនោះកម្ពុជា បានប្តេជ្ញាចិត្ត រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៥៥% នៅឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះកម្មវិធីអភិវឌ្ឍន៍ TFFF នៅក្នុងកិច្ចប្រជុំលើកទី៣០ រដ្ឋភាគីអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុង Belém ប្រទេសប្រេស៊ីល នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ទាំងអស់ នៅលើពិភពលោក ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ TFFF ផ្តល់នូវអត្ថប្រយោជន៍យូរអង្វែង សម្រាប់ទាំងការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ 2023-2028 និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការរួមចំណែកជាតិ NDC 3.0 របស់កម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត (TFFF) គឺជាគំនិតផ្តួចផ្តើមហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសប្រេស៊ីល ដែលមានបំណងពន្លឿន និងពង្រីកសកម្មភាពអាកាសធាតុ តាមរយៈការជំរុញ ការចូលរួមការពារនិងអភិរក្សធនធានព្រៃឈើ ក្នុងក្របខ័ណ្ឌអន្តរជាតិ ក្នុងកិច្ចប្រជុំ COP30៕


