ខួបលើកទី ២៧ឆ្នាំ នៃការបាញ់ប្រហារ ! សម្តេចតេជោ ៖ ប្រសិនពេលនោះ សម្ដេច ស្លាប់ ឬត្រូវរបួស កម្ពុជា នឹងមិនមានសន្តិភាព

ភ្នំពេញ ៖ ខួបលើកទី ២៧ឆ្នាំ នៃការបាញ់ប្រហារ នៅខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបញ្ជាក់ថា ប្រសិនពេលនោះ សម្តេច ស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជា និងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃ២៤ កញ្ញា ២០២៥នេះ ជាខួបលើកទី ២៧ឆ្នាំ នៃការបាញ់ប្រហារ ដើម្បីសម្លាប់ សម្ដេច នៅទីរួមខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨ – ២៤ កញ្ញា ២០២៥)។

សម្ដេចតេជោ បន្ដថា ជាសំណាងល្អ សម្ដេច មិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជន ដើម្បីបន្តអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ ធ្នូ ១៩៩៨។


សម្ដេចតេជោ ហ៊ុន សែន គូបញ្ជាក់ថា «ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវ នាព្រឹកថ្ងៃ២៤ កញ្ញា ១៩៩៨ ទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះ ខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើង នឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយព្រោះម្ចាស់នៃនយោបាយ ឈ្នះ ឈ្នះ បានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់»។


សម្ដេចតេជោ បន្ដថា «គិតពីថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន ២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថា និងរស់បានតិចបំផុត ២៧ឆ្នាំបន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង ៤០ឆ្នាំ និងក្រោម ៥០ឆ្នាំ»៕
