ខួបលើកទី ២៧ឆ្នាំ នៃការបាញ់ប្រហារ ! សម្ដេចតេជោ ផ្តល់ការវិភាគបន្ថែម ដែលអាចកើតឡើង ក្រោយការស្លាប់របស់សម្ដេច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានផ្តល់នូវការវិភាគបន្ថែម ដែលអាចកើតឡើង ក្រោយការស្លាប់របស់ សម្ដេច នៃការបាញ់ប្រហារ នៅខេត្តសៀមរាប កាលពី២៧ ឆ្នាំមុន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ម្សិលមិញ ខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថា អត្ថបទនេះមានកំហុសត្រង់ចំណុច (ប្រសិនខ្ញុំស្លាប់ ឬរបួសប្រទេសកម្ពុជាយើង និងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយ ព្រោះម្ចាស់នៃនយោបាយ ឈ្នះ ឈ្នះ បានស្លាប់ទៅហើយ)»។
សម្ដេចតេជោ បន្ដថា ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើញតែមួយជ្រុងនៃតួរនាទីរបស់ សម្ដេច ដោយមិនបានគិតដល់កត្តាដ៏ទៃទៀត ។ ពេលនេះ សម្ដេច ក៏បានផ្តល់នូវការវិភាគបន្ថែម ដែលអាចកើតឡើងក្រោយការស្លាប់របស់ សម្ដេច។
១.ក្រោយការស្លាប់របស់ សម្ដេច ការបង្ហូរឈាមមួយកើតឡើង ភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើន ស្លាប់នៅទីរួមខេត្តសៀមរាប។
២.គ្រប់គ្រងសភាពការបានរដ្ឋសភា ដំណើការប្រជុំធម្មតា និងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ឬត្រូវជាប់គាំងបង្កើត រាជរដ្ឋាភិបាលមិនបាន។
៣.ប្រទេសបន្តសង្រ្គាម ដោយបែងចែកជាតំបន់ត្រួតត្រា ២ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។
៤.មានអ្នកដឹកនាំនយោបាយឆ្នើម រកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាននាំមក នូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើស ហ៊ុន សែន ច្រើនដង។
សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា «នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើង ទុកជូនបងប្អូនវាយតម្លៃខ្លួនឯង»៕
